(ព្រះសីហនុ)៖ លោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើជាគណៈអធិបតីរួមគ្នា នៅក្នុងពិធីបើកវគ្គបណ្តុះបណ្ដាល ការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក (Water Rescue) ជូនដល់សិក្ខាកាម ក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា ឆ្នាំ២០២៣។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានវត្ដមានលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ, វរនាវីឯក ធុងឆាន បុណ្យរៈថេព សេនានុព័ន្ធយោធារង និងសេនានុព័ន្ធយោធាជើងទឹក នៃស្ថានទូតថៃប្រចាំកម្ពុជា, លោកវេជ្ជបណ្ឌិត និវ៉ាត់ អ៊ីនថៈរៈវិឈៀន នាយកគ្រប់គ្រងនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងលោក វិរ៉ាត់ សុរៈជិត នាយកផ្នែករដ្ឋបាល នៃមន្ទីពេទ្យបាងកកចន្ទថៈប៊ុរី។

វគ្គបណ្តុះបណ្ដាលនេះ ជាការសហការរួមគ្នារវាង រដ្ឋបាលខេត្តព្រះសីហនុ ស្ថានឯកអគ្គរាជថៃប្រចាំកម្ពុជា យោធាជើងទឹកថៃ មន្ទីរពេទ្យបាងកកចន្ទថៈប៊ុរី និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បុត្រសម្ព័ន្ធ នៃក្រុមហ៊ុនក្រុងថេបឌុសិតវេចឆៈកាន ចាំកាត់ ដើម្បីពង្រឹងនូវសក្ដានុភាពរបស់មន្ត្រី នៃខេត្តព្រះសីហនុ ឲ្យមានចំណេះដឹង សមត្ថភាព និងជំនាញ នៅក្នុងការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក ទាំងនៅក្នុងស្រះទឹក និងសមុទ្រជាប់ឆ្នេរ។

ដោយរួមបញ្ចូលទាំងការថែទាំ និងចល័តជនរងគ្រោះ នៅក្នុងស្ថានការណ៍អាសន្ន ដោយវគ្គបណ្តុះបណ្ដាលនេះ មានទាំងទ្រឹស្ដី និងការអនុវត្តទាំងក្នុងស្រះទឹក និងសមុទ្រជាប់ឆ្នេរ ដែលទទួលខុសត្រូវ បណ្ដុះបណ្ដាលដោយមន្ត្រី ដែលមានចំណេះដឹងជំនាញ និងបទពិសោធន៍របស់យោធាជើងទឹករបស់ថៃ និងមន្ទីរពេទ្យបាងកកចន្ទថៈប៊ុរី ដែលធ្លាប់មានបទពិសោធន៍រៀបចំ កម្មវិធីបណ្តុះបណ្ដាលលក្ខណៈបែបនេះ ដល់សិក្ខាកាមកម្ពុជារួចហើយដែរ។

ខេត្តព្រះសីហនុ ជាខេត្តដ៏សំខាន់ខាងផ្នែកយុទ្ធសាស្ត្ររបស់កម្ពុជា ទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច និងទេសចរណ៍ ដោយជាបណ្ដុំ នៃរមនីយដ្ឋានទេសចរណ៍សមុទ្រដ៏ពេញនិយម និងជាចំនុចតំណរ នៃប្រទេសទាំង ៣ ថៃ-កម្ពុជា-វៀតណាម។

លើសពីនេះទៀត ខេត្តព្រះសីហនុ ក៏ជាខេត្ដដែលបានរៀបចំកីឡាវិញ្ញាសារទឹកជាច្រើនផងដែរ ដូច្នេះហើយទើបខេត្តព្រះសីហនុ ត្រូវត្រៀមខ្លួននៅក្នុងការអភិវឌ្ឍឆ្មាំប្រចាំឆ្នេរសមុទ្រ ដើម្បីបង្កលក្ខណៈ សណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងវិស័យទេសចរណ៍ និងការការពារគ្រោះថ្នាក់ខាងផ្លូវទឹក ដែលតែងតែកើតមានឡើងជាញឹកញាប់។

ការបណ្តុះបណ្ដាល ជួយសង្គ្រោះជីវិតជនរងគ្រោះ ខាងផ្លូវទឹកជូនដល់សិក្ខាកាមរបស់ខេត្តព្រះសីហនុ ក្នុងពេលនេះ វាជាការជំរុញនូវទេសចរណ៍សុវត្ថិភាពរបស់តំបន់ឆ្នេរ ស្របតាមគោលនយោបាយ របស់ប្រទេសទាំង២ ក្រោមគម្រោង Two Kingdoms, One Destination និងជាការរួមចំណែកមួយ នៅក្នុងការគ្រប់គ្រង និងរៀបចំលក្ខណៈសម្បត្តិ នៅក្នុងការឆ្លើយតបបានឆាប់រហ័ស ចំពោះគ្រោះថា្នក់ក្រោមទម្រង់មួយ ដែលជាប្រយោជន៍ដល់ប្រជាជន និងជាការរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ បានយ៉ាងពិតប្រាកដ៕