(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំបន្ទាយស្ទោង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ២៦៤D មួយខ្សែដែលមានប្រវែង ២.៣០០ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST។

លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីអំពីផែនការស្ថាបនាផ្លូវមួយខ្សែ ដែលជាប្រភេទផ្លូវក្រាលក្រៅស៊ូ DBST មានប្រវែង២,៣០០ម៉ែត្រ ឆ្លងកាត់៣ភូមិគឺភូមិបន្ទាយ ស្ទោង និងភូមិស្រោមដែក ស្ថិតក្នុងឃុំបន្ទាយស្ទោង ឆ្ពោះទៅកាន់ភូមិបុស្សតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកន្លងមកផ្លូវនេះ មានការខូចខាតយ៉ាងខ្លាំងលំបាក ដល់ការធ្វើដំណើររបស់ប្រជាជនពិសេសក្នុងរដូវវស្សា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងនិងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលបានសម្រេចអនុញ្ញាតឲ្យស្ថាបនាផ្លូវខេត្តលេខ ២៦៤D ក្រាលកៅស៊ូ ប្រភេទDBST ប្រវែង២,៣០០ម៉ែត្រ មួយខ្សែទៀត នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដ៏មានសារៈសំខាន់នេះ ដែលត្រូវតភ្ជាប់ទៅកាន់ឃុំ រុងរឿង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានសហការយ៉ាងល្អ ក្នុងការបង្កលក្ខណៈងាយស្រួលជួយដោះស្រាយ នូវរាល់ផលប៉ះពាល់នៃការពង្រីកផ្លូវថ្មី ឲ្យមានភាពធំទូលាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាជួយថែរក្សាកុំឲ្យខូចខាត ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីឲ្យផ្លូវនេះ ប្រើប្រាស់បានយូរអង្វែង សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ព្រមជាមួយនោះ ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសស្បឿនកំណត់ ដែលនាំឲ្យមានគ្រោះថ្នាក់របួសពិការឬបាត់បង់ជីវិតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាគ្រឿងចក្រជានិមិត្តរូប ដើម្បីចាប់ ផ្ដើមដំណើរការបើកការដ្ឋានស្ថាបនាផ្លូចាប់ពីពេលនេះតទៅ សម្រាប់ជូនដល់ប្រជាជនក្នុងការធ្វើដំណើរឆ្លងកាត់ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ៕