(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងភរិយា ព្រមទាំងមន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ បានអញ្ជើញកាត់សីមា និងសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផល នានាមួយចំនួនទៀត ក្នុងវត្តសិរីផល្លារាម ស្ថិតក្នុងភូមិព្រែកគ្រៀង ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ដែលចំណាយថវិកាសាងសង់អស់ប្រមាណជិត ២៦ម៉ឺនដុល្លារអាមេរិក។

ក្នុងឱកាសនោះ លោក វ៉ា ថន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការវត្ត រួមនិងសប្បុរសជន ប្រជាពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងនូវសមិទ្ធនៃវិស័យព្រះសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្តិ៍តំណែល និងទុកដើម្បីគោរពបូជា តាមបែបប្រពៃណីសាសនា។

លោកបន្តថា ប្រទេសជាតិ មានសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលគ្រប់តំបន់ជនបទ ជីវភាពប្រជាពលរដ្ឋមានភាពធូរ មានលទ្ធភាពនិងសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលនានាជាច្រើនគួរឲ្យគត់សម្គាល់ ជាមួយរាជរដ្ឋាភិបាលជាការឆ្លើយតបនូវគុណូបការៈ នៃការជួយសង្រ្គោះអាយុជីវិតប្រជាជនឲ្យរួចផុលពីរបបប្រល័យពូជសាសន៍ ពុល ពត រហូតដល់ពេលនេះ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនយ៉ាងសន្ធឹកសន្ធាប់ ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ។

ក្នុងនោះលោកអភិបាលខេត្ត ក៏បានប្រគេនបច្ច័យកសាងចំនួន ៣ លានរៀល និងផ្តល់ជូនលោកយាយលោកតាចំនួន ៥០ នាក់ នូវកំណាត់សម្នាក់១ដុំ និង សារុងម្នាក់១ ដល់អ្នកដែលបានចូលរួមចំនួន ៥៨៣ នាក់ផងដែរ៕