(រតនគិរី)៖ កសិកររស់នៅភូមិគរ៦០ ឃុំត្រពាំងច្រែស ស្រុកកូនមុំ ខេត្តរតនគិរី ដែលប្រកបមុខរបរដាំបន្លែគ្រប់មុខ យកមកលក់នៅទីផ្សារកំពុងតែសប្បាយចិត្តក្នុងការលក់បានតម្លៃសមរម្យ ក្នុងទីផ្សារសល់លុយចំណេញច្រើនក្រោយពីចំណាយផ្សេងៗ។

លោក ឡុង វណ្ណៈ ម្ចាស់ចំការរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ថា គ្រួសារគាត់ជាអ្នករស់នៅឯស្រុកឈូកខេត្តកំពត មកអាស្រ័យផលនៅទីនេះលើផ្ទៃដីជាង៣ហិកតាជាង១ឆ្នាំ ដោយដាំបន្លែគ្រប់មុខ ប៉ុន្តែបន្លែដែលត្រូវប៉ាន់ជាងគេ គឺទងល្ពៅ និងសណ្តែកគួរដែលមានតម្លៃចាប់ពី ៣,០០០រៀលរហូតដល់៥,០០០រៀលក្នុង១គីឡូក្រាម។

លោកបន្តថា ក្នុងផ្ទៃដីជាង៣ហិកតាសម្រាប់ដាំបន្លែគ្រប់មុខ ជាដីរបស់បងប្អូនជីដូនមួយដោយផ្តល់ឲ្យមិនគិតលុយទេដូច្នេះគ្រួសារគាត់លក់បន្លែបានសល់លុយចំណេញច្រើន។ លោក ឡុង វណ្ណៈ បញ្ជាក់ថា បន្លែគ្រាប់មុខដូចជា ត្រសក់ផ្អ ត្រសក់ស្រូវ ល្ពៅ សណ្តែកគួរ ម្រះត្រកួនជាដើមដាំលើផ្ទៃដីជាង៣ហិកតាខាងលើនេះ ចំណាយពេលប្រហែលជាង១ខែ(៤៥ថ្ងៃ) ប្រើជីធម្មជាតិអាចម៌គោ, អាចម៌ទាពួកគាត់ដាំបន្លែនេះគ្មានបទពិសោធន៍ បច្ចេកទេសអ្វីទេគ្រាន់តែដឹងតាមជីដូន ជីតាគាត់ប្រាប់តែប៉ុណ្ណោះហើយការចំណាយអស់ជាង១លានរៀលចំពោះគ្រាប់ពូជ ការថែទាំ ចាប់ប្រមូលផលបណ្តើរៗបេះយកទៅលក់នៅផ្សារបានលុងជារៀងរាល់ព្រឹក សល់ពីចំណាយច្រើនគួរសមដែរក្នុង១រដូវ(ចន្លោះ៣-៤លានរៀល) ដែលអាចផ្គត់ផ្គង់ជីវភាពបានសមរម្យមិនចាំបាច់ធ្វើសំណាកស្រុកទេ។

ក្រៅពីដាំបន្លែគ្រប់មុខលក់លើទីផ្សារនៅក្រុងបានលុង គ្រួសារគាត់ នឹងពង្រីកការដាំដំណាំហូបផ្លែ ចិញ្ចឹមសត្វមាន់ចិញ្ចឹមសត្វទាសម្រាប់យកអាចម៌របស់វាធ្វើជីដាក់បន្លែផងដែរ។ ទន្ទឹមនេះដែរគ្រួសារគាត់សំណូមពរដល់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តរតនគិរីជួយបង្ហាត់បង្ហាញបច្ចេកទេសដាំដុះបន្ថែមទៀតដើម្បីទទួលបានទិន្នផលខ្ពស់ជាងនេះ៕