(កោះកុង)៖ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រីសំ ឃិតវៀន នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានយកប្រាក់ចំនួន៣លាន ជូនដល់ម្ចាស់រថយន្តដឹកផ្លែចេកទាំង២នាក់ ប្តី-ប្រពន្ធ ដើម្បីជាការសងថ្លៃខូចខាតចេករបស់ពួកគេ បន្ទាប់ពីសមត្ថកិច្ចរបស់លោក បានរុះរើពីលើរថយន្ត ដើម្បីស្វែងរកឈើក្រញូង តែរកមិនឃើញ។ សម្រាប់ប្តី-ប្រពន្ធទាំង២នាក់ ក៏យល់ព្រមទទួលយកប្រាក់ទាំង៣លានរៀលពី លោកស្នងការផងដែរ ដើម្បីជួសជុលថ្លៃការខូចខាតផ្លៃចេករបស់ខ្លួន។
នៅព្រឹកមិញនេះដែរ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសថា នឹងទិញចេកទាំង២ពាន់ស្និត ពីបុរសកំសត់ម្នាក់ នៅខេត្តកោះកុង ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះរុះរើចេក របស់គាត់ចេញពីរថយន្ត ស្វែងរកឈើខុសគ្រញូង បណ្តាលឱ្យខូចខាតអស់មួយចំនួន។ ហេតុការណ៍សមត្ថកិច្ចចុះរុះរើចេកផ្អើលតាម Facebook នេះ បានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ម្ចាស់ចេកដែលស្រែកទ្រហោយំមានឈ្មោះ សុខ រតនា ហៅវិត អាយុ២៦ឆ្នាំ រស់នៅស្រុកមណ្ឌលសីមា ជាអ្នកស្រែចម្ការពឹងផ្អែកលើរបបចិញ្ចឹមជីវិត ដោយការដាំចេក។
កញ្ញា ធី សុវណ្ណថា ដែលសម្បូរវោហារស័ព្ទនៅលើ Facebook រូបនេះ ក៏បានស្នើដល់អាជ្ញាធរខេត្តកោះកុង ធ្វើការដោយប្រុងប្រយ័ត្ន និងត្រូវមានការ ទទួលខុសត្រូវខ្ពស់ ជៀសវាងការអនុវត្តការងារ ដែលធ្វើឱ្យខូចខាតដល់ប្រជាពលរដ្ឋ ឬអ្នករកស៊ីដូចករណីខាងលើនេះ។
ទោះជាយ៉ាងណា បើតាមការបកស្រាយរបស់សមត្ថកិច្ច បានឱ្យដឹងថា ចំពោះករណីនេះ គឺមានប្រជាពលរដ្ឋ រាយការណ៍ផ្តល់ព័ត៌មានថា មានរថយន្តដឹកផ្លែចេក បង្កប់ឈើក្រញូង ចេញពីចំណុចក្នុងភូមិ អូសោម ស្រុកវាលវែងខេត្តពោសាត់ មកខេត្តកោះកុងនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ត្រួតពិនិត្យ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
របាយការណ៍បានបន្តទៀតថា ក្រោយកម្លាំងជំនាញឆ្លងយោបល់លោកស្នងការ និងលោក ព្រះរាជអាជ្ញា ទើបឲ្យកម្លាំងការពាររង់ចាំព្រឹក បង្កើតគណ:កម្មការធ្វើការឆែកឆេរ ដែលការឆែកឆេរនោះ ដឹកនាំដោយ លោក អ៉ីវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូង ខេត្តកោះកុង។ ប៉ុន្តែជាលទ្ធផលមិនមានឈើក្រញូងទេ ហើយក៏ធ្វើកំណត់ហេតុប្រគល់ជូនម្ចាស់ភ្លាមៗវិញ ដោយគ្មានការខូចខាតអ្វី្វទាំងអស់ ហើយរាល់ការចំណាយថ្លៃកម្មករលើកចុះ ឡើងនគរបាលជាអ្នកដោះស្រាយ៕