(ភ្នំពេញ)៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥឡូនេះបានសម្រេចចិត្តផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។

លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះ ទៅកាន់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើង នៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

លោក អ៉ិត សំហេង បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន ដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏សូមស្វាគមន៍ ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ ដោយក្នុងនោះកម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាពនៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានជម្រាបពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនជូនដល់លោករដ្ឋមន្ត្រី ដោយក្រុមហ៊ុនត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកចង់បានអនុសាសន៍ណែនាំបន្ថែមរបស់លោករដ្ឋមន្ត្រីចំពោះការអនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោកដែលបានដំណើរការនៅក្នុងប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តច្បាប់បានល្អប្រសើរណាស់។

ជាការឆ្លើយតប លោក អ៉ិត សំហេង បានបញ្ជាក់ថា កម្ពុជាមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ។ ជាមួយនេះ លោករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមហ៊ុន អល វីន ស៊ូ អាចចូលរួមជាសមាជិកជាមួយសមាគមណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលលើផ្នែកច្បាប់ និងការការពារពីខាងសមាគម។

លោកមន្ត្រីក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕