(កែប)៖ សមិទ្ធផលថ្មីផ្លូវមួយខ្សែ លេខ១៣៣៣ តំបន់ភ្នំវល្លិ៍ មានប្រវែង១,៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយក្រាលកៅស៊ូ DBST ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ផ្លូវមួយខ្សែនេះ បានប្រារព្ធពិធីបើកដ្ឋានសាងសង់ រៀបចំធ្វើឡើងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ថា ផ្លូវខេត្តលេខ១៣៣៣ ដែលកំពុងស្ថាបនានេះ មានប្រវែង ១១គីឡូម៉ែត្រ ដោយបំបែកចេញពីផ្លូវជាតិលេខ៣៣ ឆ្លងកាត់៤ភូមិ និងបន្តកាត់រង្វង់មូលចំការបី រហូតដល់ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ខេត្តកែប និងស្រុកកំពង់ត្រាច ខេត្តកំពត។
ផ្លូវមួយខ្សែនេះជាការតភ្ជាប់ពីផ្លូវជាតិមកកាន់តំបន់ភ្នំវល្លិ៍ ដែលជាអតីតតំបន់សង្រ្គាម បច្ចុប្បន្នជាតំបន់ដ៏មានសក្តានុពលទេសចរណ៍ ពិសេសផលិតផលល្បីល្បាញនៃដំណាំម្រេច ខេត្តកែប និងកំពត។
នាឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា «នេះជាសមិទ្ធផលថ្មីលើទឹកដីអតីតតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ និងជាតំបន់ការពារដ៏រឹងមាំរបស់ក្រុមខ្មែរក្រហម បច្ចុប្បន្ននេះត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ទៅជាតំបន់ ទេសចរណ៍ដ៏មានសក្ដានុពល ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង»។
ជាក់ស្ដែងផ្លូវអន្តរភូមិ នឹងលេចរូបរាងឆាប់ៗនេះ តភ្ជាប់រវាងភូមិភ្នំលាវ ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននានា របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជន ទូទៅ ក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំវល្លិ៍ ដែលពាក់ព័ន្ធនិងផ្លូវដែលកំពុងស្ថាបនាសាងសង់ខាងលើ បានគាំទ្រ អបអរសាទរ និងមានចិត្តសប្បាយរីករាយ។ ពួកគាត់បានលើកឡើងថា ផ្លូវមួយខ្សែដែលអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងដំណើរការសាងសង់ ពិតជាបានជួយសម្រួលដល់ការលំបាករបស់អ្នកភូមិ ដោយសារដំបន់នេះ ជាកន្លែងដាំដំណាំ ដូចនេះទាមទារឲ្យមានផ្លូវល្អស្អាត សម្រាប់ដឹកកសិផល យកទៅលក់នៅលើទីផ្សារ។
ក្រៅពីផ្តល់ផលប្រយោជន៍សម្រាប់ដឹកកសិផល គឺផ្លូវនេះ ពិតជាបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់អ្នកភូមិជាពិសេសសិស្សានុសិស្ស ដែលធ្វើដំណើរទៅរៀននៅសាលានានា៕