(ភ្នំពេញ)៖ គណៈឱសថការីខេត្តកណ្តាល បានរៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨-២០២៣ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ឱសថការី ស្រុក-ក្រុង បានល្អប្រសើរ និងបានបន្តធ្វើសកម្មភាពជាប្រចាំ ទៅលើសេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្ត ទាំងវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងអមវេជ្ជសាស្រ្ត នៅថ្ងៃទី១១ ខែមីនា ​ឆ្នាំ២០២៣។

ឱសថការី កូ តាត ប្រធានគណៈឱសថការីខេត្តកណ្តាលអាណត្តិទី២ លើកឡើងនៅក្នុងសន្និបាតបូកសុបការងារក្រុមប្រឹក្សា គណៈឱសថការីខេត្តកណ្តាលអាណត្តិទី២ និងលើកទិសដៅបន្ត ព្រមទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឱសថខេត្តកណ្តាលអាណត្តិទី៣ថា បច្ចុប្បន្នខេត្តកណ្តាលមានឱសថស្ថាន ឱសថស្ថានរង សរុប២៤១កន្លែង ក្នុងនោះ មានឱសថស្ថានចំនួន១៨៨ គ្រប់គ្រងដោយឱសថការីឧត្តម, ឱសថស្ថានរង (ក) ចំនួន៣៤កន្លែង គ្រប់គ្រងដោយឱសថការីមធ្យម និងឱសថស្ថានរង (ខ) ចំនួន១៩កន្លែង គឺគ្រប់គ្រងដោយមន្រ្តីសុខាភិបាលចូលនិវត្តន៍។

ទាក់ទងរចនាសម្ព័ន្ធ និងធនធានមនុស្ស សេវាសុខាភិបាលឯកជន, គណៈឱសថការីខេត្តកណ្តាល មានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត និងអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់នៅតាមស្រុក-ក្រុងទាំង ១១ ក្នុងនោះអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ បានធ្វើសកម្មភាពជាប្រចាំ ទៅលើសេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្តទាំងវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងអមវេជ្ជសាស្រ្ត។

ឱសថការី កូ តាត បានឲ្យដឹងថា ចំណែកសកម្មភាពការងារអាណត្តិទី២ រយៈពេល៣ឆ្នាំចុងក្រោយនេះ, គណៈឱសថការីខេត្តកណ្តាល បានចូលរួមប្រជុំជាមួយគណៈឱសថការីជាតិ បានចំនួនជាច្រើនលើក, សហការជាមួយគណៈឱសថការីជាតិ ធ្វើជំរឿនសមាជិកគណៈឱសថការីខេត្តកណ្តាលបាន១លើក, ចូលរួមប្រឆាំង និងការរាតត្បាតជំងឺកូវីត១៩ បានចូលជាថវិកា៥០ម៉ឺនរៀល ទៅគណៈឱសថការីជាតិ, ចូលរួមចំណែកជួយជនរងគ្រោះ ដោយទឹកជំនន់ចំនួន១លានរៀល តាមរយៈគណៈឱសថការីជាតិ, ចុះអប់រំណែនាំ ស្តីពីការជូនដំណឹងរបស់គណៈឱសថការីជាតិ ដល់ឱសថការីម្ចាស់ឱសថស្ថាន/រង ទាំងអស់ក្នុងខេត្ត ស្តីពីការហាមមិនឱ្យលក់តម្លើងថ្លៃម៉ាស អាល់កុល ជេល លាងដៃ និងផលិតផលសម្លាប់មេរោគផ្សេងៗ, កាត់សម្លៀកបំពាក់គណៈឱសថការីជូនក្រុមប្រឹក្សា និងសមាជិកការិយាល័យ គណៈឱសថការីខេត្តកណ្តាល ចំនួន៩រូប, សហការជាមួយក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា រៀបចំប្រជុំក្រុមប្រឹក្សាគណៈឱសថការីខេត្តកណ្តាល ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០២១- ២០២៥ របស់ក្រុមប្រឹក្សាគណៈ ឱសថការីជាតិ អាណត្តិទី២, សហការជាមួយក្រុមប្រឹក្សា គណៈឱសថការីកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្របខណ្ឌនិយ័តកម្មគោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា និងផ្តល់វិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពុជា ជូនដល់សមាជិកឱសថការីខេត្តកណ្តាល។

ចំណែកទិសដៅបន្ត គណៈឱសថការីខេត្តកណ្តាល នឹងពង្រឹងក្រមសីលធម៌ឱសថការី តាមរយៈការចុះត្រួតពិនិត្យ ទៅលើការប្រតិបត្តិរបស់ឱសថការីទៅតាម ឱសថស្ថាន ឱសថស្ថានរង ១ឆមាសម្តង, ប្រជុំផ្សព្វផ្សាយបន្តនូវលិខិតបទដ្ឋានគតិយុត្តិ របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលបានអនុម័តរួច ១ឆមាសម្តង ដល់គ្រប់សមាជិកឱសថការីខេត្តកណ្តាល, រៀបចំឲ្យមានការបណ្តុះបណ្តាលបន្ត ជូនសមាជិកឱសថការីនៅក្នុងខេត្តទាំងអស់ ២ ដង ក្នុង១ឆ្នាំ ដោយសហការជាមួយដៃគូ បណ្តុះបណ្តាលនានា ដែលទទួលស្គាល់ដោយគណៈឱសថការីកម្ពុជា និងបន្តសហការរវាងគណៈឱសថការីជាតិ និងគណៈវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត៕