(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា មជ្ឈដ្ឋានប្រឆាំង ទំនងជាអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្តាញសង្គម លោកបណ្ឌិត បានបញ្ជាក់ដូច្នេះថា៖ «មើលទៅមជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ រហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)»

លោកបណ្ឌិត ហ៊ុន ម៉ាណែត សង្ឃឹមថា ការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រសួងការពារជាតិ នាពេលកន្លងទៅ អាចឱ្យមហាជនបានដឹងច្បាស់ថា ការពិតគឺយ៉ាងណាហើយ។

សូមបញ្ជាក់ថា​ ឆ្លើយតបនឹងការផ្សព្វផ្សាយអុចអាល និងញុះញង់របស់ទណ្ឌិត សម រង្ស៉ី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក៏បានចេញមកច្រានចោលការផ្សាយរបស់​ជនក្បត់​ជាតិតជំនាន់ សម រង្ស៉ី ផងដែរ។ សម្តេចចាត់ទុកថា ការផ្សព្វផ្សាយនេះ ជាការធ្វើឡើងក្នុងចេតនាទុច្ចរិតអុជអាលឱ្យមានការចលាចលក្នុងសង្គម និងញុះញង់បំបែកបំបាក់ជាតិ។

សម្តេចចាត់ទុកថា ការផ្សព្វផ្សាយនេះ ជាការធ្វើឡើងក្នុងចេតនាទុច្ចរិតអុជអាលឱ្យមានការចលាចលក្នុងសង្គម និងញុះញង់បំបែកបំបាក់ជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា «ខ្ញុំ និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត»។ នេះជាការគូសបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់។

ជាមួយគ្នានេះ ក្រសួងការពារជាតិ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។

ក្រសួងការពារជាតិ បានចាត់ទុកថា «ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស»

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕