(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីផ្ទុះអាវុធ និងករណីជួញដូរគ្រឿងញៀន ចំនួន ២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមនឹងថ្នាំញៀនមួយចំនួន ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន ២ដើម គ្រាប់ចំនួន២០គ្រាប់ និងរថយន្ត ២គ្រឿង។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ចំពោះករណីទី១ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការនាវេលាម៉ោង​ ០២ និង​៣៧នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុច ក្រុម១៥ ភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យរួមមានទី១៖ ឈ្មោះ GAO ZHI YA ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន, ទី២៖ ឈ្មោះ FU ZHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន

វត្ថុតាងដកហូតរួមមាន៖ ថ្នាំគ្រាប់អក្ស WY សង្ស័យជាសារធាតុញៀនចំនួន ០៦គ្រាប់, កាំភ្លេីងខ្លី០១ដេីម ម៉ាក ZORAKI គ្រាប់ចំនួន០៦ គ្រាប់។ បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​តាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ចំពោះករណីទី២ បន្ទាប់ពីកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលមានពីប្រជាពលរដ្ឋប្តឹងថាមានករណីផ្ទុះអាវុធមួយកើតឡើងបង្កដោយមនុស្សមួយក្រុម មានគ្នា៥នាក់ បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានជិះរថយន្តចំនួន ២គ្រឿង រត់គេចខ្លួនបាត់ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុរកឃើញសំបកគ្រាប់កាទុសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។

លោកស្នងការខេត្ត បានឱ្យដឹងថា បន្ទាប់មកកម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ភេទប្រុស (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន៣នាក់) នៅកាស៊ីណូ មួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

សម្ភារចាប់យកបានរួមមាន៖ អាវុធខ្លី ១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់២ មាន១៤គ្រាប់), សំបកគ្រាប់កាទុស ៥គ្រាប់, រថយន្ត ២គ្រឿង។ ១គ្រឿងមានម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង ១គ្រឿងទៀត ម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998។

ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការសួរនាំ និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន៕