(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសបង្ហាញជាផ្លូវការ នូវកាលវិភាគចំនួន៥ជំហ៊ានធំៗ នៃដំណើរការពិភាក្សា តម្លើងប្រាក់ឈ្នួលអប្បរមា ជូនកម្មករ-កម្មការិនីផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅឆ្នាំ២០១៧ខាងមុខ ដែលបានធ្វើឡើងស្របពេលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្ដាល (AC) ប្រារព្ធពិធីបើកសន្និសីទថ្នាក់ជាតិស្ដីពីទំនាក់ទំនងវិជ្ជាជីវៈ លើកទី៧ នាសណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល។
លោករដ្ឋមន្រ្តី បានឱ្យដឹងថា មូលដ្ឋានគ្រឹះដែលត្រូវយកទៅគណនាប្រាក់ឈ្នួលអប្បរមា ភាគីទាំងអស់បានបង្កើតនូវរូបមន្តវិទ្យាសាស្រ្ត ដែលភាគីទាំងអស់មាន ការពេញចិត្ត និងព្រមទទួលយក ដោយកំណត់យកលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច មានផលិតភាពការងារ ការប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងផលចំណេញរបស់វិស័យនេះ, ព្រមទាំងលក្ខណៈវិនិច្ឆ័យបែបសង្គម មានស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។
លោក អ៊ិត សំហេង បានបន្ថែមថា «យើងបានកំណត់កាលវិភាគ សម្រាប់ការចាប់ផ្ដើមពិភាក្សាការតម្លើងប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភ័ណ្ឌ ចំនួន៥ជំហ៊ានធំៗ រួមមាន៖ ទី១.កំណត់យកខែកក្កដា ឆ្នាំ២០១៦ ជាការចាប់ផ្ដើមពិភាក្សាប្រាក់ឈ្នួល ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ, ទី២.កំណត់យកខែសីហា ឆ្នាំ២០១៦ ជាការចាប់ផ្ដើម ពិភាក្សាប្រាក់ឈ្នួល ជាលក្ខណៈទ្វេភាគី, ទី៣.កំណត់យកខែកញ្ញា ឆ្នាំ២០១៦ ជាការចាប់ផ្ដើមពិភាក្សាប្រាក់ឈ្នួល ជាលក្ខណៈត្រីភាគី, ទី៤.ដើមខែតុលា ឆ្នាំ២០១៦ បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមា នៅឆ្នាំ២០១៧, និងទី៥.កំណត់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ប្រកាសចូលជាធរមាននូវចំនួនប្រាក់ឈ្នួលអប្បរមា ផ្នែកវាយនភ័ណ្ឌ សម្រាប់ឆ្នាំ២០១៧»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថាCCAWDU បានបន្ទោរនាពេលបន្ទាប់ថា ចំពោះការតម្លើងប្រាក់ឈ្នួល ខាងសហជីពរបស់លោក បានបើកការសិក្សាឯករាជ្យមួយ និងពិភាក្សាជាមួយបណ្ដាសហជីពអន្តរជាតិ ដើម្បីជ្រើសរើសតួលេខណាមួយ ក្នុងការយកទៅជជែក ជាមួយបណ្ដានិយោជក ក្នុងរយៈពេល៣ថ្ងៃនេះ (០៣-០៥ ខែកក្កដា) ហើយចំពោះតួលេខជាក់លាក់ ខាងលោកនឹងផ្គូរផ្គង់នឹងតួលេខឆ្នាំចាស់ និងតួលេខបាន ពីការស្រាវជ្រាវ យកទៅសម្រេចជាក្រុមក្នុងការពិភាក្សាផ្ទៃក្នុង ដើម្បីយកទៅពិភាក្សាបន្តជាមួយនិយោជកជាទ្វេភាគី និងយកទៅសម្រេចជាមួយរដ្ឋាភិបាល ក្នុងកិច្ចពិភាក្សាត្រីភាគីបន្តទៀត នៅដើមខែតុលា ឆ្នាំ២០១៦។
លើសពីនេះ លោករដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានលើកឡើងថា តាមរយៈការចូលជាធរមាននៃច្បាប់ស្ដីពីសហជីពនេះ មានលក្ខណៈពិសេសជាច្រើន ដូចជាមានការផ្ដល់សិទ្ធិសេរីភាពពេញលេញ ក្នុងការបង្កើតអង្គការសហជីព អាចនឹងត្រូវលើកទឹកចិត្ត ហើយលក្ខណៈសម្បត្តិក្នុងការចូលជាសមាជិកសហជីព ក៏ត្រូវបានបន្ធូរបន្ថយដែរ ដែលពីមុនតម្រូវឱ្យមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ តែឥឡូវនៅត្រឹម១៨ ក៏អាចចូលជាសមាជិកបានដែរ។ ម្យ៉ាងទៀតច្បាប់នេះ នឹងចូលរួមកាត់បន្ថយនូវការកើតមានឡើងនូវវិវាទការងារ ដោះស្រាយវិវាទដោយសន្តិវិធី តែក៏កាត់បន្ថយនូវការធ្វើកូដកម្មផងដែរ ហើយសហជីពទាំងអស់ដែលធ្វើកូដកម្ម បាតុកម្មខុសច្បាប់ នឹងត្រូវប្រឈមមុខការផ្ដន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ លោក អាត់ ធន់ ក៏បានឱ្យដឹងថា «ច្បាប់ស្ដីពីសហជីពថ្មីនេះ មានការរឹតបន្ដឹងលើសិទ្ធិសេរីភាពសហជីព ក្នុងនោះយើងមើលឃើញពីបញ្ហា៣ចំណុច មានទី១. ការជ្រៀតជ្រៀកផ្នែកហិរញ្ញវត្ថុ, ទី២.ការកម្រិតសិទ្ធិក្នុងការធ្វើកូដកម្ម, ទី៣.ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព ហើយចង់ឱ្យក្រសួងការងារ អនុវត្តច្បាប់នេះ ឱ្យមានតម្លាភាព ធ្វើយ៉ាងណាឱ្យនិយោជក មន្រ្តីរបស់ក្រសួង និងសហជីពមួយចំនួន ដែលឃប់ឃិតជាមួយនិយោជក ឬពាក់ព័ន្ធនឹងរឿងនយោបាយ ត្រូវអនុវត្តឱ្យស្មើភាពគ្នា ព្រោះក្នុងពេលកន្លងមក សហជីពកម្មករ ក៏ដូចជាសហជីពឯករាជ្យរងការឈឺចាប់យ៉ាងខ្លាំង តែចំពោះសហជីពដែលគាំទ្រនិយោជក មិនដែលចេះមានរឿងនោះទេ ហ្ចឹងយើងនឹងចាំមើល ហើយក៏ពេញចិត្តដែរ អំពីការអនុវត្តច្បាប់សហជីពថ្មីនេះ»។
សូមជម្រាបថា កាលពី២០១៥ យុទ្ធនាការពិភាក្សាតម្លើងប្រាក់ឈ្នួលជូនកម្មករ ផ្នែកវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលមានការចូលរួមដោយត្រីភាគី មានភាគីរដ្ឋាភិបាល ភាគីសហជីពកម្មករ និងភាគីនិយោជក បានកំណត់យកប្រាក់ឈ្នួលគោលអប្បរមា ចំនួន១៤០ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០១៦៕