(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុប៦៧៥នាក់ ប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាទៅកងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវពង្រឹងអនុវត្តចាត់វិធានការបង្ការទប់ស្កាត់ក្មេងទំនើង ឱ្យមានប្រសិទ្ធភាព ពីព្រោះថាបញ្ហាក្មេងទំនើងនេះ គឺជាបញ្ហាមួយបង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់សាធារណៈ បើកម៉ូតូបង្ហោះតាមផ្លូវ ដើរហើរទាំងយប់អធ្រាត្រ សេពគប់មិត្តភក្តិមិនល្អ ប្រើប្រាស់គ្រឿងញៀន ដើរជាក្រុមបង្កហិង្សាតាមផ្លូវសាធារណៈ ហើយមានការប្រើប្រាស់ ឧបករណ៍សម្ភារៈដាវសាំម៉ូរ៉ៃ កាំបិត និងឈានទៅប្រាស់អាវុធខុសច្បាប់ប្រព្រឹត្តអំពើល្មើសច្បាប់ព្រហ្មផងដែរ។

បន្ថែមពីនេះទៀត ការដាក់ចេញនូវបទបញ្ជាឱ្យមានការបង្ការទប់ស្កាត់បញ្ហាក្មេងទំនើង ក៏ដើម្បីធានាសុខសុវត្តិភាពសង្គម កាន់តែល្អប្រសើរនៅគ្រាដែលកម្ពុជា នៅពេលខាងមុខនេះ ត្រៀមរៀបចំការប្រកួតប្រកីឡាស៊ីហ្គេមលើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលមានបណ្តាប្រមុខរដ្ឋ គណៈប្រតិភូដឹកនាំកីឡា កីឡា និងអ្នកគាំទ្រកីឡា។

ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំកងកម្លាំងក្រោមឱវាទត្រូវគោរពអនុវត្តវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន ចូលរួមគោរពច្បាប់ ឱ្យបានម៉ឺងម៉ាត់ដោយក្នុងនាមមន្រ្តីអនុវត្តច្បាប់ត្រូវធ្វើគំរូល្អសម្រាប់ប្រជាពលរដ្ឋ។ ណែនាំលោកលោកស្រី ស្នងការរង ជាថ្នាក់ដឹកនាំចុះពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលទាំង១៤ ត្រូវពង្រឹងការដឹកនាំប្រជុំឱ្យបានទៀងទាត់ ក្នុងការត្រួតពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងត្រូវតាមដានក្តាប់ព័ត៌មានឱ្យបាននូវរាល់សកម្មភាពអសកម្មនានារបស់កងកម្លាំង និងការងារអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកតាមគោលដៅ ក្នុងភូមិសាស្រ្តខណ្ឌទាំង១៤ផងដែរ ថាតើមន្រ្តីអនុវត្តច្បាប់ចរាចរណ៍នោះ បានប្រព្រឹត្តកំហុសខុសឆ្គងអ្វីខ្លះទៅលើប្រជាពលរដ្ឋ បើក្តាប់ព័ត៌មាននេះបានហើយត្រូវតាមដានស្រាវជ្រាវ បើក្នុងករណីមន្រ្តីចរាចរណ៍អនុវត្តច្បាប់ប្រព្រឹត្តកំហុសឆ្គងពិតប្រាកដ ត្រូវធ្វើរបាយការណ៍មកថ្នាក់លើ ដើម្បីយកមកអនុវត្តតាមវិន័យនគរបាលជាតិ។

សូមបញ្ជាក់ថា ការប្រជុំជួរ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាខាងលើនេះផងដែរ ក៏មានវត្តមានចូលរួមពី លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញទាំង៣៣ និងមន្រ្តីតាមបណ្តាការិយាល័យ ជំនាញទាំង៣៣ ចំណុះផែនទាំង១៣ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕