(ភ្នំពេញ)៖ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំនៅកម្ពុជា បានប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែ​ល្អ​ប្រសើរ។ ជាពិសេសនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត មានដូច​ជាការ​វិនិយោគ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ និងការដោះមីនជាដើម។

លោក ចាស្ទីន វ៉ាយអេត បានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជួប​សម្តែងការគួរ​សម​ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ​២០២៣នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ លោកឯកអគ្គរាជទូត បានជម្រាបសម្តេចតេជោ ដោយបង្ហាញនូវអារម្មណ៍​រីក​រាយ ដែលបានវិលត្រឡប់មកបំពេញការងារនៅកម្ពុជាជាថ្មីទៀត បន្ទាប់ពីបញ្ចប់ការងារ​លើក​ដំបូង​នៅ​កម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនោះ។

លោកឯកអគ្គរាជទូត ក៏បានជម្រាបសម្តេចតេជោ ពីការកត់សម្គាល់របស់លោកពីការរីក​ចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលខុសគ្នាឆ្ងាយបើធៀបពេលលោកបំពេញការងារ​នៅកម្ពុជាកាលពីជាង២០ឆ្នាំមុន។

លោក ចាស្ទីន វ៉ាយអេត ក៏សម្តែងការគោរពចំពោះការដឹកនាំរបស់សម្តេចតេជោ ដោយបាន ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នាពេលកន្លងមក។ ជាពិសេសការរៀបចំ និងដឹកនាំ​កិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ដោយបាននាំមក​នូវ​កិត្តិ​នាម និងកិត្តិស័ព្ទដ៏ល្អរន្ធឺជូនកម្ពុជា។

ជាមួយនឹងបេសកកម្មការងារជាឯកអគ្គរាជទូតនៅកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានជម្រាប​សម្តេចតេជោថា លោកនឹងប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និង​អូស្ត្រាលី ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃទៀតឱ្យកាន់តែល្អប្រសើរ។

លោកឯកអគ្គរាជទូត បានជម្រាបសម្តេចតេជោថា កិច្ចការដែលលោក​នឹងប្រឹងប្រែង​ជំរុញ​ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនោះមានដូចជា៖ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, ទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកវិនិយោគ, កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម, វិស័យសុខាភិបាល, ការដោះមីន ជួយកម្ពុជាឱ្យសម្រេចគោលដៅជាប្រទេសគ្មានមីននៅឆ្នាំ២០២៥, សង្គមកិច្ច, លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ការពារជាតិ, ទប់ស្កាត់ឱក្រិដ្ឋកម្មឆ្លងដែន ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរជូនលោកឯកអគ្គរាជទូត ដែលបានតែងតាំងបំពេញបេសកកម្មការងារនៅកម្ពុជាជាថ្មី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។ ជាពិសេសលើវិស័យកសិកម្ម ដែលក្នុងនោះអូស្ត្រាលី បានជួយបង្កើត​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម (CARDI) សម្រាប់ការស្រាវជ្រាវលើវិស័យកសិកម្ម។ ការស្រាវជ្រាវនោះ បានជួយកម្ពុជា ទទួលបានពូជ​ស្រូវល្អ ជាប់ចំណាត់ថ្នាក់លេខ១ ក៏ដូចជាពូជស្រូវជាច្រើនដទៃទៀត។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែល​ បានផ្តល់វ៉ាក់សាំងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ បានលើកឡើងថា ជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ១៩ មិនអាចកាត់ផ្តាច់បានពីការគាំទ្រ និងជួយពីអូស្ត្រាលីនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយកម្ពុជាលើការងារដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រួមនិងវិស័យដទៃទៀត៕