(បាត់ដំបង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាដល់ក្រុមការងាររបស់ក្រសួង ធ្វើការចុះដឹកទឹកចែកជូនប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ ដែលខ្វះខាតទឹកប្រើប្រាស់ ស្ថិតក្នុងភូមិចំនួន៣ នៃឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារខាងលើ រស់នៅភូមិស្វាយស ភូមិបឹងទឹម និងភូមិប្រឡាយថ្ងូរ ដែលនៅតែខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខណៈភ្លៀងបាននិងកំពុង ធ្លាក់ជោគជាំស្ទើរទូទាំងប្រទេស រហូតបណ្តាលឲ្យតំបន់ខ្លះមានជំនន់ទឹកភ្លៀង។
ឆ្លើយតបនឹងបញ្ហាខាងលើនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បញ្ជាដល់ក្រុមការងាររបស់ក្រសួង ក្នុងការបើកយុទ្ធនាការចុះដឹកទឹក ចែកជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ រហូតដល់តំបន់នោះមានទឹកឡើងវិញ៕