(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សា Fresh Talk កាលពី​ចុងសប្តាហ៍មុននេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានមើលឃើញថា សហរដ្ឋអាមេរិកពេលនេះកំពុងព្យាយាមអូសទាញចិន ឱ្យចូលទៅក្នុងសង្គ្រាមតាមមធ្យោបាយផ្សេងៗ ជាពិសេសជម្លោះជាមួយតៃវ៉ាន់ ហើយបើចិនលោតចូលទៅក្នុងសង្គ្រាមមែននោះ ចិននឹងខាតក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

លោកបណ្ឌិត បានរំលឹកថា ចិនបានព្យាយាមសង្ងំបំប៉នសេដ្ឋកិច្ច និងនយោបាយការទូតរបស់ខ្លួនច្រើនឆ្នាំមកហើយ បើចិនចូលទៅក្នុងសង្គ្រាមនៅពេលនេះ ចិននឹងខាតពេលវេលាក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ច។ លោកចោទជាសំណួរថា តើហេតុអ្វីបានជាចិនចាំបាច់ត្រូវផ្ទុះអាវុធជាមួយតៃវ៉ាន់ ទាំងតៃវ៉ាន់ជាជនជាតិចិនដែរនោះ? ច្បាស់ណាស់ ប្រសិនបើអាមេរិកអាចអូសចិនចូលទៅក្នុងសង្គ្រាមបានហើយ អាមេរិកនឹងកៀរគរសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដែលនឹងជំរុញឱ្យមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមលើអ្វីដែលពិភពលោកកំពុងមានស្រាប់។

សម្រាប់លោកបណ្ឌិត យង់ ពៅ, ចិនមិនគួរលោតចូលសង្គ្រាមដូចរុស្ស៉ីនោះទេ។ ប្រទេសដែលមានសង្គ្រាម នឹងខ្ទេចខ្ទាំដូចអ៊ុយក្រែនពេលនេះអញ្ចឹង ហើយបើចិនមានសង្គ្រាមជាមួយតៃវ៉ាន់នោះ តៃវ៉ាន់នឹងមានជោគវាសនាមិនខុសពីអ៊ុយក្រែននោះឡើយ។

សូមស្តាប់ការវិភាគរបស់ លោកបណ្ឌិត យង់ ពៅ ដូចតទៅ៖