(បាត់ដំបង)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំពិធីបិទពិព័រណ៍ពាណិជ្ជកម្ម ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» ដែលបញ្ចប់ទៅទទួលបានលទ្ធផលល្អ ពោលគឺបានជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងគាំទ្រផលិតផលខេត្តបាត់ដំបងឱ្យមានលទ្ធភាព និងឱកាសបង្ហាញខ្លួននៅលើទីផ្សារ។
ពិព័រណ៍ពាណិជ្ជកម្ម ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» បានរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទៅ១០ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង ដោយមានអ្នកមកទស្សនាស្តង់នានាប្រមាណជាង២ម៉ឺននាក់។
ថ្លែងក្នុងពិធីបិទពិព័រណ៍ពាណិជ្ជកម្ម ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង» បានបង្ហាញពីគោលដៅច្បាស់លាស់ ដោយមានការចូលរួមពីកសិករ ផលិតផល សហគ្រាសធុនតូច និងមធ្យម រួមទាំងអ្នកផ្តល់សេវា ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង ដោយបាននាំយកផលិតផល និងសេវាកម្មមកចូលរួមដាក់តាំងបង្ហាញជូនភ្ញៀវទស្សនា។ ក្រៅពីការដាក់តាំងបង្ហាញ ផលិតផល និងសេវា ផលិតករ ពាណិជ្ជករ និងអ្នកចូលរួមមានឱកាសបានចូលរួមក្នុងកម្មវិធីសិក្ខាសាលា ក្រោមប្រធានបទផ្សេងៗគ្នា ដោយមានវាគ្មិនមកពីក្រុមហ៊ុនធំៗ ចូលរួមចែករំលែកបទពិសោធន៍ពីកិច្ចការជំនួញ ដើម្បីឈានឆ្ពោះទៅរកសហគ្រិនភាព និងការរៀបចំឯកសារគតិយុត្តផ្សេងៗ បម្រើដល់ការធ្វើ អាជីវកម្មស្របតាមនិយាមនៃការធ្វើអាជីវកម្ម ។
លោកបន្តថា «លទ្ធផលដ៏ល្អនេះគឺជាធនធានមួយនៃការចាប់ផ្តើមបោះជំហានទៅមុខមួយជំហានទៀតរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំផែនការ សម្រាប់ការត្រៀមរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលនឹងនាំឱ្យអង្គភាពសភាពាណិជ្ជកម្មរបស់យើងចាប់ផ្តើមមានសកម្មភាពលើវិស័យពាណិជ្ជកម្ម និងទីផ្សារច្រើនឡើងនៅមូលដ្ឋាន។»
លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្ម ដែលបានរៀបចំឡើងរយៈពេលបីថ្ងៃនេះ គឺជាការបង្កើតឱកាសផលិតផលខេត្តបាត់ដំបងឱ្យមានលទ្ធភាព និងឱកាសបង្ហាញខ្លួននៅលើទីផ្សារ និងជាឱកាសដែលពាណិជ្ជករ បានជួបគ្នាពិភាក្សាគ្នាជាមួយផលិតករ និងយុវជនក្នុងការចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន។
លោកបានឱ្យដឹងថា ព្រឹត្តិការណ៍នៃការដាក់តាំងពិព័រណ៍ពាណិជ្ជកម្មនេះ មានស្តង់ទាំងអស់ចំនួន១៣៥ស្តង់ រួមមានស្តង់ផលិតផលកសិកម្ម ផលិតផលកែច្នៃកសិផល សម្ភារៈបម្រើវិស័យកសិកម្មនិងចំណីអាហារ និងស្តង់ដែលស្ថិតក្នុងវិស័យសេវាកម្ម ដែលមកពីមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត ដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម សិប្បកម្ម នវានុវត្តន៍ និងវិទ្យាសាស្ត្រ មន្ទីរកសិកម្ម និងរដ្ឋបាលក្រុង ស្រុករបស់ខេត្តបាត់ដំបង៕