(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០៖០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ក្រសួងព្រះបរមរាជវាំង ក៏បានសម្តែងការសោកស្ដាយជាពន់ពេកចំពោះព្រឹត្តការណ៍ជាអកុសលនេះផងដែរ។

សូមបញ្ជាក់ថា នៅយប់មិញនេះ មានអគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។

មន្រ្តីនគរបាលពន្លត់ និងបង្ការអគ្គិភ័យខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ហើយករណីនេះបានធ្វើឲ្យអគារមួយរងការខូចខាត៕