(តាកែវ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះជួយមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៩ឃុំ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំត្រៀមសម្រាប់ចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅ៩ឃុំ នៃស្រុកសំរោង ខេត្តតាកែវ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសំរោង ដោយមានការចូលរួមដោយ អនុប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយស្រុក, ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះជួយឃុំទាំង៩ សមាជិក សមាជិកកាគណបក្សជាច្រើននាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានណែនាំឱ្យបន្តពិនិត្យមើលការចុះឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋ​ ដោយស្រង់ទិន្នន័យប្រជាពលរដ្ឋចុះឈ្មោះថ្មី ឱ្យបានច្បាស់លាស់​ ដោយខិតខំជំរុញ ​និងកសាងសមាជិកបក្ស ឱ្យបានកាន់ច្រើនបន្ថែមទៀត​ ជាមួយនោះត្រូវខិតខំតាមដាន​ និងស្វែងរកប្រជាពលរដ្ឋ ដែលទើបបានចុះឈ្មោះបោះឆ្នោត​ និងដាក់បញ្ចូលជាសមាជិកគណបក្ស​ឱ្យបានគ្រប់ៗគ្នា។

លោកបានណែនាំដល់ប្រធានគណបក្សស្រុក ឃុំ ពិសេសក្រុមប្រឹក្សាឃុំត្រូវរួមគ្នាចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះជួយដោះស្រាយ នូវបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានជាប់លាប់ជាប្រចាំ ដោយធ្វើយ៉ាងណាកុំឱ្យមានប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ដោយមិនមានការដោះស្រាយ ហើយការធ្វើដូចនេះ ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕