(កំពង់ធំ)៖ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណជាង១លាន២៥ម៉ឺននាក់ បានចូលទស្សនាលេងកម្សាន្តមុននិងក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បូកទាំងការបន្តលេង២ថ្ងៃក្រោយពិធីបុណ្យនេះទៀត ពោលគឺគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់មកកាន់ Fresh News នាព្រឹកថ្ងៃទី១៣ ខែមីនានេះថា «ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណ១,២៥៨,៥០០នាក់ បានចូលទស្សនាលេងកម្សាន្តមុននិងក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បូកទាំងការបន្តលេង២ថ្ងៃក្រោយពិធីបុណ្យនេះទៀតដល់ថ្ងៃទី១២»។

លោកប្រធានមន្ទីរបានបញ្ជាក់លម្អិតថា៖
* ថ្ងៃទី​៧​ ខែ​មីនា​ មានប្រមាណ​១៨,៥០០​នាក់
* ថ្ងៃទី​៨​ ខែ​មីនា​ ប្រមាណ​៣៨៥,០០០​នាក់​
* ថ្ងៃទី​៩​ ខែ​មីនា​ ម្រមាណ​៤០៥,០០០​នាក់
* ថ្ងៃទី១០ ខែមីនា មានប្រមាណ៣២០,០០០នាក់
* ថ្ងៃទី១១ ខែមីនា មានប្រមាណ១១០,០០០នាក់
* ថ្ងៃទី១២ ខែមីនា មានប្រមាណ២០,០០០នាក់
សរុបចំនួន៦ថ្ងៃ​ មានប្រមាណ​១,២៥៨,៥០០​នាក់។

លោក សេង អាន បានបន្តទៀតថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម៕