(សំបូរ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការីបានចុះទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាយាវ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីលោកអភិបាលខេត្តក្រចេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកសំបូរ និងឃុំទាំង៦ ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋសរុបមានអ្នកចូលរួមចំនួនប្រមាណជាង ៦០០នាក់។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់លោក គង់ មេត្តា អភិបាលស្រុកសំបូរ ពីស្ថានភាពទូទៅរបស់មូលដ្ឋានភូមិឃុំនៅស្រុកសំបូររួចមក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងមតិសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋចូលរួមច្រើនកុះករ ហើយក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងភូមិទាំង៥ នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបានចូលរួមជាមួយប្រជាជនខេត្តក្រចេះ និងប្រជាជននៅទូទាំងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានទទួលជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលឃុំកំពង់ចាមទទួលបាន ៦អាសនៈ លើ ៧អាសនៈ។

អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះសំដែងនូវជំនឿទុកចិត្តយ៉ាងមុតមាំថា ប្រជាពលរដ្ឋយើងនៅឃុំកំពង់ចាម ក៏ដូចជាស្រុកសំបូរនិងទូទាំងខេត្តទាំងមូលពិតជានៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលជ័យជំនះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាក់ជាមិនខាន ដើម្បីបុព្វហេតុយូរអង្វែងនៃសុខសន្តិភាព អភិវឌ្ឍនភាព វិបុលភាព និងអនាគតរុងរឿងរបស់សង្គមជាតិយើងតរៀងទៅ។

ទាក់ទងនឹងការបង្កើតស្រុកថ្មី គឺស្រុកអូគ្រៀងសែនជ័យ ដែលកាត់ចេញពីស្រុកសំបូរ រដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ពីគោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីផ្តល់ឱកាសល្អ និងលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន និងដល់ការធ្វើសកម្មភាព ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាជនឱ្យបានកាន់តែល្អប្រសើរនិងខិតជិតជាប់ជាមួយប្រជាជន។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក៏បានឆ្លៀតថ្លែងរំលឹកឡើងវិញពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ បង្កឱកាសដល់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យដ៏ធំធេង ហើយខេត្តក្រចេះបានទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិននូវស្ពានឆ្លងកាត់ទន្លេមេគង្គ ត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដែលកំពុងសាងសង់ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ។

បន្ទាប់ពីពិធីសំណេះសំណាលនេះហើយ លោករដ្ឋមន្ត្រីនិងសហការីក៏បានឆ្លៀតចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ ។

សូមជម្រាបជូនថា ស្រុកសំបូរ គឺជាស្រុកមួយក្នុងចំណោមក្រុង១ និងស្រុក៦ នៃខេត្តក្រចេះ ដែលមានចំងាយ៣៦ គ.ម ពីទីរួមខេត្តក្រចេះ មានឃុំចំនួន ៦ ភូមិចំនួន ៣៤ និងភូមិឧបសម្ព័ន្ធចំនួន ៩៕