(សៀមរាប)៖ គម្រោងតុក្កតាយក្សឆ្នាំ២០២៣ បានដង្ហែនៅតាមដងផ្លូវក្នុងក្រុងសៀមរាប នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៦៖៣០ល្ងាច និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តសៀមរាប។

កម្មវិធីនេះចាប់ផ្តើមពីមុខវត្តដំណាក់អមតាមដងស្ទឹង ឆ្ពោះទៅទិសខាងជើង បត់​ទៅផ្លូវលេខ២១ បត់ឡើងមកផ្លូវវត្តបូរណ៌ រួចចុះមកផ្លូវមាត់ស្ទឹងវិញ និងបន្តឡើងមក​សួនច្បារ​ព្រះរាជដំណាក់ជួបជុំគ្នានៅទីនោះ ដោយមានការសម្តែងសិល្បៈផ្សេងៗ។

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្តតាយក្ស បានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយជាខ្លាំងនៅពេលដែលនឹងរៀបចំការដង្ហែ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ។ លោកបន្តថា សម្រាប់ក្រុមការងារដែលរៀបចំដង្ហែទាំងអស់មានចំនួន៦រយនាក់ បូករួមជាមួយនឹងសិល្បករហ្វារផងដែរ។

លោក អ៊ុន សាវ៉ាន់ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប ស្នងការខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសម្រួលដល់កម្មវិធីដំណើរទៅយ៉ាងរលូន។ លោកក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះ នៅឆ្នាំក្រោយនឹងមានភ្ញៀវជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ចូលរួមយ៉ាងច្រើនកុះករជាងនេះទៅទៀត បន្ទាប់ពីព្រឹត្តិការណ៍នេះ ខកខានរៀបចំរយៈពេលពីឆ្នាំដោយសារជំងឺកូវីដ-១៩។

លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំគម្រោងតុក្កតាយក្សឆ្នាំ២០២៣ មានចំនួន០៧ ក្នុងនោះដែរមាន រូបសត្វពពូលទឹកជាប្រភេទសត្វកម្រ និង​ជិត​ផុតពូជ រូបកសិករ គឺចង់លើកតម្លៃកសិករ ព្រោះបើអត់កសិករច្បាស់ណាស់ថា ប្រជាពល​រដ្ឋ​ នឹងពិបាកក្នុងការរស់នៅ ព្រោះយើងត្រូវការអង្ករ បន្ថែ ត្រី សាច់ ដែលកសិករធ្វើយក​មក​ទទួលទាន។ រូបអ្នកម្តាយ សត្វពស់ ត្រីគល់រាំង រូបព្រះវិសិន្ត និងរូបសត្វកម្រ​មួយទៀត។

គម្រោងនេះដែរ នាពេលកន្លងមកក៏មានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផងដែរ។

លោក វិន ឈូ ដែលជាសិល្បករហ្វារ បានលើកឡើងថា ព្រឹត្តិការណ៍ធំៗបែបនេះ គឺខកខានរៀបចំរយៈពេល៣ឆ្នាំមកហើយដោយសារជំងឺកូវីដ-១៩ ហើយនេះក៏ជាព្រឹត្តិការណ៍ធំមួយដែលបានរៀបចំបន្ទាប់ពីជំងឺកូវីដ-១៩ផងដែរ។ សម្រាប់លោកនេះជាលើកទីពីរហើយ ដែលលោកបានចូលរួមក្នុងពិធីដង្ហែតុក្កតាយក្ស ដោយលើកទីមួយ នៅខេត្តបាត់ដំបង់ និងលើកទីពីរនៅខេត្តសៀមរាបនេះ។

ជាមួយនេះដែរ អ៊ុំស្រី ផា រីន ដែលចូលរួមអបអរសាទរក្នុងពិធីដង្ហែតុក្កតាយក្សឆ្នាំ២០២៣នេះ បានលើកថា អ៊ុំស្រីមានសេចក្តីសប្បាយរីករាយជាខ្លាំង ដោយបានឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនមកចូលរួមអបអរពិធីដង្ហែនេះ។

អ៊ុំស្រីក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានសារៈសំខាន់ណាស់សម្រាប់ដាស់សតិអារម្មណ៍យុវជនជំនាន់ក្រោយ ឲ្យយល់ពីសាសនា ដឹងអាណាព្យាបាល ថែរក្សាបរិស្ថាន និងសម្បតិ្ដធម្មជាតិ ដែលមាននៅក្នុងប្រទេសកម្ពុជា ឲ្យបានគង់វង្សយូរអង្វែងតទៀត៕