(កំពង់ធំ)៖ វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដែលចូលរួមចំណែកធ្វើឲ្យកសិករខ្មែរមានជីវភាពប្រសើរឡើង ក្នុងនោះដំណាំស្វាយចន្ទី ក៏ជាដំណាំមួយដែលធ្វើឲ្យខឿនសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ។

លោក គង់ វិមាន ជាប្រជាពលរដ្ឋនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថាលោកជាមន្ត្រីរាជការផងជាកសិករផង។ លោកបានបញ្ជាក់ថា នៅម្តុំចំការស្វាយចន្ទីរបស់លោកមានច្រើនជាប្រភេទចន្ទីពូជ M 09 និងចន្ទីពូជ M 23 ពូជនេះផ្លែរបស់វាគឺមានពណ៌លឿង គ្រាប់់ពណ៌ស ហើយស្អាត ល្អជាង M 23។ នៅក្នុងឃុំនេះបើយើងគិតជាត្រួសៗតាមអ្វីដែលអាជ្ញាធរបានផ្ដល់ព័ត៌មាននោះ គឺប្រហែលមិនក្រោម ពីរ ទៅបីពាន់ហិចតាទេ សម្រាប់ដំណាំស្វាយចន្ទី M 09 នេះ មានតិចតួចទេ ហើយពណ៌នេះ ដោយសារតែកសិករយើងស្គាល់ច្រើនជាងគេ គឺពូជ M 23 ព្រោះវាមានលក្ខណៈអំណោយផលដល់ការដាំ។

លោកបានបន្តថា ទន្ទឹមនឹងនោះក៏យើងមិនចេះតែធ្វើបានជោគជ័យទេ វាទាមទារដូចជា ទី១ ពាក់ព័ន្ធទៅនឹងដី ព្រោះស្វាយចន្ទីវាអត់ត្រូវការជាំទឹកទេ ប្រភេទដីជាំទឹកខ្លាំងស្វាយចន្ទីដាំអត់កើតគឺត្រូវការដីរាងទួល ខ្ពង់រាប បើបានដីក្រហមទៀត គឺមានជាតិ។ ប៉ុន្តែមិនមែនល្អតែជើងអាក្រោមទេ វាបូកផ្សំទៅនឹងកត្តាអាកាសធាតុ បើអាកាសធាតុអំណោយផល ពេលចេញផ្កាមក គឺយើងត្រូវប្រើប្រាស់ថ្នាំដើម្បីបង្ការសត្វល្អិតកុំឱ្យសត្វល្អិតវាបំផ្លាញ ទន្ទឹមនឹងសត្វល្អិតវាក៏ពាក់ព័ន្ធនឹងសន្សើមដែរវាមានសន្សើមប្រៃ សន្សើមស្អិតគឺធ្វើឱ្យស្វាយចន្ទីនឹងគាំងអត់ចេញក្ដឹប។

លោកបន្តថាការើសគ្រាប់ស្វាយចន្ទីនៅតំបន់នេះចម្ការខ្លះ ៥០០ រៀល ក្នុង១ គីឡូក្រាម គឺយើងគិតតែមួលយកគ្រាប់ ចំណែកផ្លែបោះចោលអត់យកទេផ្លែគឺយកតែគ្រាប់ទៅថ្លឹង ហើយតំបន់ខ្លះទៀតរហូតដល់ ៨០០ រៀលក្នុង១គីឡូក្រាមហើយប្រជាពលរដ្ឋ ក្នុង១ថ្ងៃអ្នកខ្លះអាចរើសបានដល់ទៅ ៧០-៨០ គីឡូក្រាម ខ្លះរហូតដល់ទៅ ១២០ គីឡូក្រាម អាស្រ័យលើការខិតខំរបស់គាត់ ។

ជាមួយគ្នានោះដែរលោក គង់ វិមាន បានសំណូមពរទៅដល់មន្ត្រីជំនាញ សូមឲ្យជួយទៅដល់កសិករជំរុញការពង្រឹងការដាំដុះ និងយកចិត្តទុកដាក់ទៅលើបច្ចេកទេសដល់ពួកគាត់ឲ្យបានច្រើនដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនផងដែរ។

តាមការបញ្ជាក់របស់ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទី មានចំនួន ១៤៤.០០០ហិចតា ផ្ទៃដីប្រមូលទិន្នផលមានចំនួន ៩៨.០០០ហិចតា បរិមាណផលសរុបចំនួន ១៣ម៉ឺនតោន ចំពោះតម្លៃចាប់ពី ៥.៤០០ ទៅ ៥.៥០០រៀលក្នុង១គីឡូក្រាម។