(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរថា ស្ពានបេតុងឆ្លងស្ទឹងសែន ដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង៨.៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹម បណ្ដោយ ១២,២ម៉ែត្រ, សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពានចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន១.៣ម៉ែត្រ(បូកទាំងឃឿន)។

ស្ពាននេះ ជាចំណុចតភ្ជាប់រវាងភូមិ កាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងការដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន៕