(បាត់ដំបង)៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកម្មវិធី ម៉ារ៉ាតុងសង្រ្កាន្ត បាត់ដំបង២០២៣ ចម្ងាយ៥គីឡូម៉ែត្រ លើកទី៥ ក្នុងគោលបំណង អបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៣។

ព្រឹត្តិការណ៍ម៉ារ៉ាតុងសង្រ្កាន្តបាត់ដំបង២០២៣នេះ បានធ្វើឡើងនៅផ្លូវលេខ១ មុខអគារសាលាខេត្តចាស់ ក្រុងបាត់ដំបង បាត់ដំបង ក្រោមអធិបតីភាព លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) និងលោកស្រី លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ធូ ភា អភិបាលរងខេត្តតំណាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមជិត ៣ពាន់ នាក់។

ថ្លែងក្នុងពិធីនេះដែរ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានលើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងដែលមានអ្នកចូលរួមប្រមាណជិត៣ពាន់នាក់ធ្វើឡើងក្នុងគោលបំណងអបអរសាទរសង្ក្រាន្តបាត់ដំបង ២០២៣នាពេលខាងមុខ ក៏ដូចជាការចូលរួមចំណែក លើកកម្ពស់វិស័យកីឡាឲ្យកាន់តែរីកចម្រើន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព»។

នាឱកាសនោះ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា ការរៀបព្រឹត្តិការណ៍ម៉ារ៉ាតុងនេះដើម្បីជាការលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡាចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមការងារសង្គមផង ដូចជាផ្សព្វផ្សាយពីវិស័យវប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង សំដៅទាក់ទាញភ្ញៀវជាតិ-អន្តរជាតិដែលមកលេងឆ្លងកាត់និងស្នាក់នៅដើរលេងកម្សាន្តសប្បាយរីករាយនៅខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀតធ្វើឲ្យប្រជាពលរដ្ឋជាអាជីវករមានប្រាក់ចំណូលច្រើនមានជីវភាពធូរធា ចូលរួមកាត់បន្ថយការលំបាករបស់ពួគាត់មួយចំណែកផងដែរ ។

លោក ស សុខា បានថ្លែងថា កម្មវិធីម៉ារ៉ាតុងបាត់ដំបងធ្វើឡើងក្នុងគោលបំណងធំបំផុតក្នុងការផ្សព្វផ្សាយពីកីឡាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងហើយគឺក្នុងមនុស្សម្នាក់ត្រូវហាត់កីឡាយ៉ាងតិចឱ្យបានមួយប្រភេទនៅក្នុងជីវិតរបស់ខ្លួន ដើម្បីពង្រឹងសុខភាពល្អ គ្រប់ៗគ្នា។

លោក ស សុខា បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ និងចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅ មកនិងលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីជនពិការដែលបានរស់នៅក្នុងសង្គម និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២៣នាពេលខាងមុខនេះផងដែរ៕