(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ លោក សេរី កុសល តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណោះសំណាលជាមួយពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រមាណ ១១០០នាក់ ដែលមានសមាជិកមួយចំនួនទើបចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចផ្តាំផ្តើមសាកសួរសុខទុក្ខ ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកគណ​បក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក សេរី កុសល បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សថា មានតែគណបក្សប្រជាជនកម្ពុជា ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេ ដែលនាំមកនូវសន្តិភាពជូនប្រទេសជាតិ ហើយនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន ព្រោះមានតែសម្តេចតេជោ និងគណបក្សប្រជាជនទេ ដែលនៅជាមួយបងប្អូនពេលមានការលំបាក មានសម្តេច និងក្រុមការងារសម្តេចចាំជួយជានិច្ច។

លោកបានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការអធ្យាស្រ័យ បើមេភូមិមេឃុំ ធ្វើអ្វីមិនគប្បី សូមកុំខឹងគោវៃរទេះ ហើយក៏សូមឲ្យមេភូមិមេឃុំ ធ្វើតែអំពើល្អ យកចិត្តទុកដាក់ចំពោះពលរដ្ឋ ដោយយកបញ្ហារបស់ពលរដ្ឋជាធំ។

បន្ទាប់ពីបញ្ចប់ការសំណោះសំណាល លោកបានផ្តល់ជូន នូវថវិកាមួយចំនួន និងសារុងមួយ ប្រេងខ្យល់មួយប្រអប់ ដល់សមាជិកទាំង១១០០នាក់ និងបានផ្តល់ថវិកាដល់អាជ្ញាធរភូមិ ដើម្បីដោះស្រាយធ្វើការជួសជុលផ្លូវ ស្ពាន លូ បំរើការធ្វើដំណើរ និងការធ្វើស្រែរបស់ពលរដ្ឋ រួមទាំងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន២ផងដែរ។

នៅថ្ងៃដដែលនេះ លោក សេរី កុសល ក៏បានបន្តចុះទៅកាន់ឃុំពន្លៃ ស្រុកភ្នំស្រុក ដើម្បីពង្រឹងក្រុមការងារចុះជួយឃុំ ដោយជួបជាមួយសមាជិក សមាជិកាប្រមាណជាង៥០នាក់។ លោកក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់បងប្អូនសមាជិកសមាជិកាផងដែរ៕