(ភ្នំពេញ)៖ ក្នុងសង្គមខ្មែរ បើនិយាយអំពីប្រវត្ដិនៃការស្រាវជ្រាវបកប្រែសិលាចារឹកខ្មែរ គឺចាប់តាំងពីកម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមបារាំងសេស នាឆ្នាំ១៨៦៣ តរៀងមក។

តើជនជាតិណា ជាអ្នកបកប្រែសិលាចារឹកខ្មែរមុនគេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយអំពីប្រវត្ដិនៃការស្រាវជ្រាវបកប្រែសិលាចារឹកខ្មែរ ជាភាសាសំស្រ្ដឹតមុនគេបង្អស់ គឺអ្នកប្រាជ្ញជនជាតិហូទ្បង់ លោក Hendrik Kern ជាអ្នកចេះថ្នឹកខាងសិលាចារឹកនៃកោះជ្វា នៃប្រទេសឥណ្ឌូនេស៊ី។ ព្រោះសម័យនោះ បារាំងបានផ្ដិតយកសិលាចារឹកខ្មែរ រួចផ្ញើទៅប្រទេសបារាំង ជាហេតុធ្វើឲ្យលោក Hendrik Kern អាចអានក្រដាសផ្ដិតសិលាចារឹកខ្មែរដែលបានផ្ញើទៅស្រុកបារាំងនាពេលនោះ។

ចំពោះមូលហេតុដែលនាំឲ្យអ្នកប្រាជ្ញជនជាតិ ហូទ្បង់ អាចបកប្រែសិលាចារឹកខ្មែរបាននេះ គឺទីមួយ៖ សិលាចារឹកសំស្រ្ដឹតខ្មែរ មិនខុសពីឥណ្ឌាទ្បើយ និងទីពីរ៖ ជាភាសាសំស្រ្ដឹតដែលគាត់ចេះថ្នឹកស្រាប់។ បន្ទាប់មកលោក ក៏បានធ្វើការផ្សព្វផ្សាយស្នាដៃនៃការបកប្រែនេះ ក្នុងទស្សនាវដ្ដីស្រាវជ្រាវប្រទេសហូទ្បង់ជាដំបូងនៅឆ្នាំ១៨៧៩។

លោក រត្ន័ សណ្ដាប់ បន្ដថា មួយវិញទៀត បើនិយាយអំពីអាណានិគមនិយមនេះទៀតសោត នាសម័យនោះ គឺមេអាណានិគមនិយមនីមួយៗ តែងយកចិត្ដទុកដាក់ទៅនឹងមរតកវប្បធម៌ប្រវត្ដិសាស្រ្ដនៃកូនចៅរបស់ពួកគេ ជាពិសេសផងដែរ ដើម្បីបង្ហាញអំពីឧត្ដមភាពជាមេអាណានិគមនិយម ដូចជាអង់គ្លេស គ្រប់គ្រងឥណ្ឌា, ភូមា ជាដើម ហូទ្បង់ ជាមួយកោះជ្វានិងកោះសូម៉ាត្រា រីឯបារាំងគ្រប់គ្រងឥណ្ឌូចិន ដែលធ្វើឲ្យមានសន្ទុះខ្លាំងខាងបូព៌ាសាស្រ្ដផងដែរ។ ក្នុងនោះបារាំង ចាប់អារម្មណ៍ខ្លាំងជាងគេគឺខ្មែរនេះឯង ព្រោះមានប្រាង្គប្រាសាទ ជាមរតកវប្បធម៌ដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអតីតកាលមក។

ផ្ដើមចេញពីកត្ដានេះហើយ បន្ដិចក្រោយមកបានធ្វើឲ្យមានអ្នកប្រាជ្ញបារាំងនៅទីក្រុងបារីសពីរនាក់បានរះទ្បើងគឺលោក Auguste Barth និងលោក Abel Bergaigne ក៏បានខិតខំបកប្រែសិលាចារឹកសំស្រ្ដឹតដែលផ្ដិតពីស្រុកខ្មែរទៅបារាំងយ៉ាងសកម្មបំផុត។ អ្នកទាំងពីរនាក់នេះគ្មាននរណាមួយ ដែលបានមកជាន់ដីខ្មែរទ្បើយ តែការបកប្រែនោះកើតដោយសារក្រដាសផ្ដិតនោះឯង។ ម្យ៉ាងទៀតអ្នកប្រាជ្ញទាំងពីរនេះពុំចេះខ្មែរនោះទេ ម្លោះហើយក្នុងការបកប្រែ គឺអត្ថបទសិលាចារឹកជាភាសាសំស្រ្ដឹតតែប៉ុណ្ណោះ។

តមកចន្លោះពីឆ្នាំ១៨៨៥ -១៨៨៩ អ្នកប្រាជ្ញទាំងពីរនាក់នេះ ក៏បានចាក់គ្រឹះយ៉ាងមំាក្នុងការសិក្សាសិលាចារឹកខ្មែរ ជាភាសាសំស្រ្ដឹត ហើយបានធ្វើការផ្សព្វផ្សាយអត្ថបទយ៉ាងច្រើនទៅដល់មជ្ឍដ្ឋានអ្នកប្រាជ្ញបូព៌ាសាស្រ្ដ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា ងាកមកស្រុកខ្មែរ ឯណេះវិញ ក៏មានលេចឡើងអ្នកប្រាជ្ញបារាំងមុនគេម្នាក់ទៀត ដែលចាក់គ្រឹះក្នុងការសិក្សាសិលាចារឹកភាសាខ្មែរ ផងដែរគឺលោក Etinne Aymonier ក៏បានសិក្សាភាសាខ្មែរនិងប្រែសិលាចារឹកខ្មែរមុនគេបង្អស់ ដោយបានធ្វើការស្រាវជ្រាវចាប់តាំងពីទសវត្ស១៨៨០ និងបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្ដីឈ្មោះJournal Asiatique។

លុះមកដល់ដើមស.វ.ទី២០ គឺពីឆ្នាំ១៩០០-១៩០៤ លោកក៏បានបោះពុម្ភផ្សព្វផ្សាយសៀវភៅមានចំណងជើងថា Le Cambodge ដែលចែកចេញជាបីភាគ។ មកដល់ដើមស.វ.ទី២០ ស្ថាប័នមួយហៅថាសាលាបារាំងចុងបូពា៌École française d'Extrême-Orient- EFEO ក៏បានចាប់កំណើតទ្បើង ហើយដែលមានកិត្ដិនាមល្បីរន្ទឺ នៅលើពិភពលោក រហូតមកដល់សព្វថ្ងៃ។

ចាងហ្វាងទីដំបូងគេនោះលោក Luis Finot ជាអ្នកប្រាជ្ញខាងសំស្រ្ដឹតផង ភាសាខ្មែរផង។ ស្ថិតក្នុងសម័យនោះលោក George Cœdès ក៏ចាប់ផ្ដើមស្រាវជ្រាវយ៉ាងជ្រៅជ្រះ ហើយបានផ្សព្វផ្សាយស្នាដៃដ៏ត្រចះត្រចង់យ៉ាងច្រើនមហិមាក្នុងចំណោមអ្នកប្រាជ្ញ។ ព្រោះមិនអាចមាននរណាម្នាក់និយាយពីសិលាចារឹកប្រវត្ដិសាស្រ្ដនៃកម្ពុជា ដោយមិនលើកឈ្មោះគាត់មកបរិយាយបានទ្បើយ។ ដូច្នេះការស្រាវជ្រាវសិលាចារឹកខ្មែរ ក្នុងបរិបទក្បួនខ្នាតអន្ដរជាតិទាំងនេះហើយ បានធ្វើឲ្យពិភពលោក ស្គាល់ប្រវត្ដិសាស្រ្ដកម្ពុជាតាំងពីសម័យបុរាណ រហូតមកបច្ចុប្បន្ន៕