(ក្រចេះ)៖ កម្លាំងជំនាញ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) កំពុងប្រតិបត្តិការបោសសម្អាត​គ្រាប់មីន នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយរកឃើញមីនប្រភេទ TM 46 ចំនួន ៨គ្រាប់ ក្នុង​រណ្តៅតែមួយជាប្រភេទមីនតោនប្រឆាំងរថគ្រោះ រថពាសដែក និងគ្រឿងចក្រធុនធ្ងន់ ព្រមទាំងមីនប្រឆាំងថ្មើជេីង​ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២០៨គ្រាប់។

ប្រតិបត្តិការនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដោយបានសហការជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

តាមរបាយការណ៍បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កងកម្លាំងបោសសម្អាតមីនរបស់ NPMEC បានទទួលបន្ទុកប្រតិបត្តិការបោសសម្អាតមីនសម្រាប់ដំណាក់កាលទី១ នៅលើផ្ទៃដី ១,០៣១,៨៨០ម៉ែត្រក្រឡា និងសម្រេចបានផ្ទៃដីបានចំនួន ៥៧០,៦៥៦ម៉ែត្រក្រឡា៕