(សៀមរាប)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះរាជគ្រូព្រះប្រធានមណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រ សីហមុនី ព្រះអង្គស្តេចយាងដឹកនាំបដិបត្តិព្រះកម្មដ្ឋាន «ដើរឆ្ពោះទៅរកការរំលត់ទុក្ខ» រយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅមណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នេះបើតាមព្រះរាជសារលិខិតចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព័ត៌មានអំពីការយាងដឹកនាំបដិបត្តិព្រះកម្មដ្ឋាន «ដើរឆ្ពោះទៅរកការរំលត់ទុក្ខ» រយៈពេល ៧ថ្ងៃ ដែលបណ្តាញ Fresh News ទទួលបាន៕