(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ថៃ និងជប៉ុន ឱ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកពីបុគ្គលមួយចំនួន ដែលតាំងខ្លួនជាសមាគម ឬស្និទ្ធនឹងមន្ត្រីរាជរដ្ឋាភិបាលជាដើម។

តាមរយៈបណ្តាញសង្គម អ្នកនាំពាក្យក្រសួងការងារ បានចែករំលែកនូវព័ត៌មានមួយចំនួន សម្រាប់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ថៃ និងជប៉ុន ឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងជីវិត ដោយ
មួយរយៈនេះអាចមានបុគ្គលមួយចំនួនអាចប៉ុនប៉ងឆបោកថវិកា ប្រសិនជាពួកគេមិនប្រយ័ត្ន ទៅតាមទម្រង់ផ្សេងៗ។ លោកអះអាងថា អ្នកខ្លះគាត់តាំងខ្លួនថាជាសមាគមនេះ សមាគមនោះ នៅជាមួយអ្នកនេះអ្នកនោះ ហើយភាគច្រើនគឺជាបុគ្គលស៊ីវិល័យហ៉ឺហា ហើយប្រាប់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ថៃ និងជប៉ុនថា៖

១៖ ក្រុមគេកំពុងរៀបចំពុះដីឡូតិ៍នៅកន្លែងត្រូវប៉ាន់មួយកន្លែង។ ប៉ុន្តែពេលបងប្អូនសួររកឯកសារ និងច្បាប់គឺអត់មានអ្វីទាំងអស់។ គេឆ្លើយដោះសារថា គេកំពុងរត់ការ។ ប្រសិនជាបងប្អូនរងចាំដល់ពេលឯកសារចេញជាផ្លូវការ គឺបែកព័ត៌មានជាសាធារណៈគឺលែងចំនេញហើយ។ ដូច្នេះត្រូវតែចូលហ៊ុន ឬប្រមូលលុយជាសំងាត់សិន។ តាមពិតប្រសិនជាបងប្អូនទិញគម្រោងគេ គឺដូចបងប្អូនឲ្យគេយកលុយទៅរកស៊ីខ្យល់អញ្ចឹង។ វាមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនប្រយ័ត្ន។

២៖ ក្រុមគេកំពុងបង្កើតមុខរបរថ្មីមួយ ដែលមានអ្នកនេះ អ្នកនោះនៅពីក្រោយ បង្កើតហើយដឹងតែចំនេញច្រើនហ្មង។ ពេលយើងសួររកឯកសារ គេថតស្រ្គីន នូវរូបភាពដែលគេកំពុងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មខ្មែរ មានពេលខ្លះក៏មានឯកសារកំពុងចុះបញ្ជីនៅប្រទេសកូរ៉េឲ្យបងប្អូនមើលដែរ។ ពេលបងប្អូនសួរគេម្តងទៀត គេបង្ហាញរូបភាពថាបានចុះបញ្ជីជាមួយខាងនេះ ខាងនោះជិតរួចហើយ។ ប្រសិនជាបងប្អូនសួរនាំបន្តទៀតគេថាចុះបញ្ជីហើយហើយ ប៉ុន្តែកំពុងតែសុំសិទ្ធិផ្តាច់មុខ។ល។ ក្រុមគេថតស្គ្រីនឲ្យបងប្អូនមើលគេចំណាយថវិកាអស់តែបន្តិចបន្តួច ប៉ុណ្ណោះ ប៉ុន្តែគេយករូបភាពទាំងអស់នេះ ទៅប្រមូលលុយសន្សំពីបងប្អូនបានរាប់សិបម៉ឺនដុល្លារ ហើយមានករណីខ្លះគឺបានដល់រាប់លានដុល្លារ ហើយរត់បាត់។

៣៖ ក្រុមគេថាមានទំនិញ ឬផលិតផលល្អ កំពុងលក់ដាច់ខ្លាំងណាស់ គេត្រូវការដើមទុនបន្ថែមដើម្បីពង្រីកទីផ្សារ។ គេថាគេស្គាល់យើង អានិតយើង ទើបបបួលយើងឲ្យចូលវិនិយោគជាមួយគ្នា ជាឱ្យធ្វើជាភ្នាក់ងារចែកចាយរបស់គេ ប៉ុន្តែយើងត្រូវតម្កល់លុយ និងកាត់ស្តុកច្រើនៗ។ល។ តាមពិតនេះជាទម្រង់ Marketing Networking ដែលអ្នកចុងដៃគឺដឹងតែវេទនាហើយ។

៤៖ ក្រុមគេថាគេចងការលុយហើយឱ្យការប្រាក់ខ្ពស់ជាងទីផ្សារ។ ប្រសិនជាបងប្អូនមានសល់ប្រាក់សន្សំ គឺសុំដាក់នៅគេទៅ។ ហើយគេលើកទឹកចិត្តបងប្អូនឱ្យទៅខ្ចីមិត្តភក្តបន្ត ដើម្បីយកលុយមកចងការជាមួយគេ ដើម្បីបានស៊ីក្បាលកាក់។ នៅពេលដែលបងប្អូនប្រមូលបានច្រើនរាប់សិបម៉ឺន គឺគេអាចរត់បាត់ រីឯអ្នកវេទនា នុងត្រូវប្រឈមជាមួយមិត្តភក្តប្តឹងគឺបងប្អូននេះឯង។

លោកបានបញ្ជាក់បន្ធេមថា អាចនៅមានរូបភាពជាការប្រមូលតុងទីន។ល។ និង។ល។ ដែលលោកក៏ដឹងមិនអស់ ហើយបញ្ជាក់ផងដែរថា ការសរសេរនេះ ក៏គ្រាន់តែជាការរំឮកដើម្បីឱ្យបងប្អូនមានការប្រុងប្រយ័ត្នចៀសវាងចាញ់បោកជនខិលខូច។

លោកបានជំរុញឱ្យ ពលរដ្ឋខ្មែររស់នៅឬធ្វើការប្រទេសទាំង៣នេះ ខិតខំសន្សំប្រាក់ទុកក្នុងដៃខ្លួនឯង ឬផ្ញើជូនអ្នកផ្ទះដោយផ្ទាល់ដៃ ទិញដី ឬរកស៊ីដោយផ្ទាល់ដៃ ឬរកស៊ីជាមួយក្រុមហ៊ុនដែលមានឈ្មោះ ដែលមានការទទួលស្គាល់ពីច្បាប់ត្រឹមត្រូវវិញ។ សូមបងប្អូនខិតខំធ្វើការហើយ សូមខិតខំការពារខ្លួនពីជនខិលខូច ចៀសវាងចង់បានលុយច្រើន បែរជាខាតបង់ថវិកាសន្សំរបស់ខ្លួន។

លោក ហេង សួរ ក៏បានជូនពរពលរដ្ឋខ្មែរទាំងអស់នៅប្រទេសទាំង៣ខាងលើ ជួបតែសំណាងល្អ គេចផុតពីឧបាយកលរបស់ជនខិលខូច ដែលពូកែរខាងនិយាយល្អ ប្រជាភិថុត ហើយសង្ឃឹមថាចូលឆ្នាំនេះនឹងបានជួបពួកគេនៅតាមគោលដៅមួយចំនួន៕