(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះថា នឹងទិញចេកទាំង២ពាន់ស្និត ពីបុរសកំសត់ម្នាក់ នៅខេត្តកោះកុង ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះរុះរើចេករបស់គាត់ចេញពីរថយន្ត ស្វែងរកឈើខុសគ្រញូង បណ្តាលឱ្យខូចខាតអស់មួយចំនួន។
ហេតុការណ៍សមត្ថកិច្ចចុះរុះរើចេកផ្អើលតាម Facebookនេះ បានកើតឡើងនៅវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់ព្រំប្រទល់ស្រុកវាលវែង ខេត្តពោធិសាត់។ ម្ចាស់ចេកដែលស្រែកទ្រហោយំមានឈ្មោះ សុខ រតនា ហៅវិត អាយុ២៦ឆ្នាំ រស់នៅស្រុកមណ្ឌលសីមា ជាអ្នកស្រែចម្ការពឹងផ្អែកលើរបបចិញ្ចឹមជីវិត ដោយការដាំចេក។
កញ្ញា ធី សុវណ្ណថា បានប្រកាសនៅលើទំព័រ Facebook របស់នាងនៅព្រឹកមិញថា ក្រុមការងាររបស់នាង នឹងស្វែងរកម្ចាស់ចេកខាងលើនេះ ហើយព្រមទិញយកចេកដែលខូចខាត ទាំង២ពាន់ស្និតនោះ។ កញ្ញាថា «នាងខ្ញុំ នឹងជួយទិញចេករបស់គាត់ ទាំង២០០០ស្និតរបស់គាត់ដែលត្រូវខូចខាត និងខកពេលយកទៅលក់ដោយសារអាជ្ញាធរខេត្តកោះកុង បានស្ទាក់ចាប់ឡានរើចេក សង្ស័យថាបង្កប់ឈើក្រញូង តែរកមិនឃើញឈើក្រញូងទេ»។
ជាមួយគ្នានេះ កញ្ញាដែលសម្បូរវោហារស័ព្ទនៅលើ Facebook រូបនេះ ក៏បានស្នើដល់អាជ្ញាធរខេត្តកោះកុង ធ្វើការដោយប្រុងប្រយ័ត្ន និងត្រូវមានការ ទទួលខុសត្រូវខ្ពស់ ជៀសវាងការអនុវត្តការងារ ដែលធ្វើឱ្យខូចខាតដល់ប្រជាពលរដ្ឋ ឬអ្នករកស៊ីដូចករណីខាងលើនេះ។
ទោះជាយ៉ាងណាបើតាមការបកស្រាយរបស់សមត្ថកិច្ច បានឱ្យដឹងថា ចំពោះករណីនេះ គឺមានប្រជាពលរដ្ឋ រាយការណ៍ផ្តល់ព័ត៌មានថា មានរថយន្តដឹកផ្លែចេក បង្កប់ឈើក្រញូង ចេញពីចំណុចក្នុងភូមិ អូសោម ស្រុកវាលវែងខេត្តពោសាត់ មកខេត្តកោះកុងនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ត្រួតពិនិត្យ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
របាយការណ៍បានបន្តទៀតថា ក្រោយកម្លាំងជំនាញឆ្លងយោបល់លោកស្នងការ និងលោក ព្រះរាជអាជ្ញា ទើបឲ្យកម្លាំងការពាររង់ចាំព្រឹក បង្កើតគណ:កម្មការធ្វើការឆែកឆេរ ដែលការឆែកឆេរនោះ ដឹកនាំដោយ លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូង ខេត្តកោះកុង។ ប៉ុន្តែជាលទ្ធផលមិនមានឈើក្រញូងទេ ហើយក៏ធ្វើកំណត់ហេតុប្រគល់ជូនម្ចាស់ភ្លាមៗវិញ ដោយគ្មានការខូចខាតអ្វី្វទាំងអស់ ហើយរាល់ការចំណាយថ្លៃកម្មករលើកចុះ ឡើងនគរបាលជាអ្នកដោះស្រាយ៕