(អាមេរិក)៖ ទីបំផុតយានអវកាស Juno ដែលបានចំណាយពេលជិត ៥ឆ្នាំទើបធ្វើដំណើរទៅដល់ភពព្រហស្បតិ៍ ដ៏សែនគ្រោះថ្នាក់នោះ បានសម្រុកចូលគន្លងគោចរ ដែលមានរយៈកម្ពស់ ៥,០០០ គីឡូម៉ែត្រ ពីផ្ទៃស្រទាប់លើរបស់ភពព្រហស្បតិ៍បានសម្រេចហើយ នៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ដែលបាននិងកំពុងតាមដានយ៉ាងលម្អិត ទៅលើលទ្ធផលនៃបេសកកម្មរបស់ NASA រហូតមកដល់រសៀលថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
អ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺមានរយៈពេល ៣៥នាទី ជាពេលដែលយាន Juno ប្រើប្រាស់កម្លាំងម៉ាស៊ីនរបស់វា បុកទំលុះដែនទំនាញដ៏ខ្លាំងក្លារបស់ភពព្រហស្បតិ៍ ដើម្បីចូលឲ្យដល់គន្លងគោចរដ៏ត្រឹមត្រូវមួយ តាមការគ្រោងទុកនៅថ្ងៃអង្គារនេះ។ ក្រោយពីការទន្ទឹងរង់ចាំយ៉ាងភ័យបុកពោះ ពីសំណាក់ក្រុមគ្រប់គ្រងបេសកកម្មលើយាន Juno អស់ជាច្រើនម៉ោងនោះ ទីបំផុតសញ្ញាចេញពីយាន ដែលបានរត់អស់ប៉ុន្មានម៉ោងទើបបញ្ជូនទិន្នន័យមកដល់ផែនដី បានឲ្យដឹងថា វាពិតជាសម្រេចបានជោគជ័យដូចការគ្រោងទុកហើយ។
ក្រុមគ្រប់គ្រងបេសកកម្មរបស់ NASA ដែលមានមូលដ្ឋាននៅទីក្រុង Pasadena រដ្ឋកាលីហ្វរញ៉ា បានលើកឡើងថា «វាជារឿងដ៏គួរឲ្យរីករាយបំផុត ជាប្រវត្តិសាស្ត្រ ហើយយើងបានត្រៀមរួចហើយក្នុងការ រុករកព័ត៌មានដែលយើងចង់ បានតាមរយៈ Juno ដែលមានគោលដៅកំណត់ទុករួចជាស្រេចចំនួន ០៧ ក្នុងខ្លួនវាតែមួយ»។ អ្វីដែលសំខាន់បំផុត ដែលគេចង់ដឹងបំផុតនៅពេលនេះ គឺថាតើក្នុងខ្លួនយក្សភពព្រហស្បតិ៍នេះ មានអ្វីខ្លះ? តើស្នូលរបស់វាផ្សំឡើងពីអ្វី? តើពណ៌ស្អាតនៅលើផ្ទៃលើដែលយើងឃើញផ្សំឡើងពីអ្វីខ្លះ និងមានកម្រាស់ប៉ុន្មាន? និងរូបភាពពណ៌ធម្មជាតិ កម្រិត ខ្ពស់ដែលមិនធ្លាប់មានពីមុនមកផងដែរ៕