(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ៥គ្រួសារ រស់នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងគ្រោះភ្លើងឆេះផ្ទះ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនពីសប្បុរសជន។
អំណោយទាំងនេះ ត្រូវបានមកពីសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោមរួមជាមួយក្រុមការងារនៃអង្គភាពចុះបញ្ជីរថយមន្តមន្ទីរសាធារណការរាជធានីភ្នំពេញ និងសប្បុរសជនមួយចំនួនទៀត យកទៅប្រគល់ជូនដល់ដៃពលរដ្ឋរងគ្រោះទាំង៥គ្រួសារ។
អំណោយទាំងនេះ ជាការឧបត្ថម្ភរបស់លោក សាំ ពិសិដ្ឋ សមាជិកគណៈអចិន្ត្រៃយ៍កម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងព្រះតេជគុណ ឈឹង ភក្ដី គង់នៅវត្តមហាមន្ត្រីលោក បណ្ឌិត ហោ សេរីវឌ្ឍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ និងលោក តាំង សុខឃី អនុប្រធានសាខាកាកបាទក្រហមខេត្តកណ្ដាល។
អំណោយទាំងនោះរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ប៊ីចេង ១កញ្ចប់ មីម៉ាម៉ា ២កេះ ត្រីខ ១យួរ ប្រេងឆា ស្ករ អំបិល សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ២០មុឺនរៀលក្នុងមួយគ្រួសារ៕