(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗមួយចំនួន រយៈពេល១ថ្ងៃ ក្នុងខេត្តព្រះសីហនុ។

របាយការណ៍របស់នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន ៤៤១នាក់ ស្រី១០៦នាក់ មាន ៤៦សញ្ជាតិ មានភ្ញៀវទេសចរចំនួន ៤១៦នាក់ ស្រី ២១៤នាក់ មាន២៣សញ្ជាតិ។

នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មានជាតិសាសន៍ចម្រុះ សរុប៦៩សញ្ជាតិ (ចំនួនសញ្ជាតិភ្ញៀវច្រើនជាងគេ គឺអាមេរិក) នាវានេះមានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែ្រត ជម្រៅជាង ៦ម៉ែត្រ ហើយនឹងចាកចេញទៅវិញនៅយប់ថ្ងៃ ខែ ឆ្នាំដដែល ឆ្ពោះទៅប្រទេសវៀតណាម។

គួរជម្រាបដែរថា នេះគឺជាការចូលចតលើកទី៤ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេលជាង០២ឆ្នាំកន្លងមកនេះ ដែលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថាវិស័យទេសចរណ៍កម្ពុជា ធានាបានភាពធន់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕