(តាកែវ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ១,៥៥០នាក់ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ការចុះព្យាបាលជំងឺនេះ ដោយសហការជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស យុវជន ស.ស.យ.ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់ ប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនអ្នកជំងឺ ដែលមានករណីធ្ងន់ធ្ងរ មកព្យាបាលនៅរាជធានីភ្នំពេញជូន ក្រោមការឧបត្ថម្ភទាំងស្រុង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

នាឱកាសនោះដែរ លោក ពេជ សោភ័ណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងា រគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីនេះ។ លោកបានកោតសសើរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែងនេះជាលើកទី៧ហើយ សម្រាប់អ្នកស្រុកព្រៃកប្បាសនេះ មិនថាព្យុះភ្លៀង រងា ក្តៅយ៉ាងទេ គឺក្រុមការងារបានស្ម័គ្រចិត្តរៀងៗខ្លួន គ្មានការបង្ខិតបង្ខំ គឺធ្វើដើម្បីសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ពេជ សោភ័ណ បានបន្តថា សកម្មភាពទាំងនេះ បើគ្មានសុខសន្តិភាព គឺមិនអាចទៅរួចនោះទេ។ ដូច្នេះ សូមអរគុណសន្តិភាព។

ប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាលនាឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ មានលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តែងតែគិតគូរសុខភាពប្រជាពលរដ្ឋជារៀងរហូតមក ដោយមិនគិតពីនិន្នាការនយោបាយណាមួយឡើយ ជាការលើកឡើងរបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបចំនួន ១,៥៥០នាក់ ស្មើនឹង ២,៧៥២ករណី និងមានករណីធ្ងន់ធ្ងរចំនួន៤៧ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ បន្ត ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕