(ពោធិ៍សាត់)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំកម្ពុជាមានសន្តិភាពពេញលេញជាង២ទសវត្ស មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព និងសមធម៌។

ការថ្លែងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋនិងសម្ពោធជាផ្លូវការនូវសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ។

លោក កែ សួនសុភាព តំណាងអគ្គនាយក បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការអភិវឌ្ឍរីកចម្រើន និងការងារចូលរួមជួយសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី មក។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានរាយការណ៍ពីការរីកចម្រើនរបស់ខេត្តក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ជាតិពិសេសសម្តេចតេជោ ហ៊ុន សែន និងកោតសសើរដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ពិសេសស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានសាមគ្គីភាព ឯកភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលថែរក្សាបាននូវសន្តិភាព និងបន្តអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងដោយសង្កត់ធ្ងន់ថា៖ កម្ពុជាកសាងបាននូវសន្តិភាពពេញលេញក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ គឺជាសមិទ្ធផលមិនអាចកាត់ថ្លៃបាននាំមកជូនប្រជាជន និងប្រជាជាតិដោយសម្តេចតេជោ ហ៊ុន សែន ពិសេសតាមរយៈនយោបាយឈ្នះឈ្នះ បញ្ចប់បានទាំងស្រុងនូវសង្គ្រាមរាំរ៉ៃ បែកបាក់ បែងចែកទឹកដី ទៅជាការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានអនុញ្ញាតឲ្យកម្ពុជាទទួលបាននូវផ្លែផ្កាមានកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព និងសមធម៌ ប្រែក្លាយតំបន់សង្គ្រាមក្លាយជាតំបន់សេដ្ឋកិច្ចពិសេសនាំការងារជូនប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា កម្ពុជាបាននឹងកំពុងបន្តដាក់ចេញគោលនយោបាយ និងវិធានការនានាដោះស្រាយរាល់បញ្ហាប្រឈម និងចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ លើកទឹកចិត្តវិនិយោគឯកជន ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ធនាគារ និងឥណទាន ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងន័យនេះវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុពិតជាដើរតួនាទីយ៉ាងសំខាន់ចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍប្រទេស។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តទៀតថា ដើម្បីចូលរួមពន្លឿនសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី ម.ក ត្រូវបានដាក់សម្ភោធជាផ្លូវការនូវសមិទ្ធផលថ្មីនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាសាខាទី១០ ផ្តល់ឥណទាន៖ រហ័ស ខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម មន្ត្រីរាជការ និងទិញសម្ភារៈប្រើប្រាស់ សម្រាប់សាធារណជន ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយ និងឋានៈសង្គម។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភអ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបាន អាវយឺតYLP១ សារុង១ និងថវិកា១មុឺនរៀល៕