(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យលើកតម្កើងស្នាដៃសិប្បកម្ម ហត្ថកម្ម ដើម្បីលើកស្ទួយវិស័យមួយនេះ កុំឲ្យបាត់បង់ និងបង្កើតការងារដល់ពលរដ្ឋផងដែរ។

លោកស្រីរដ្ឋមន្ត្រី លើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិប្បកម្មសច្ចៈ(SATCHA) នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញការបើកទីតាំងថ្មីមួយដែលមានឈ្មោះថា មជ្ឈមណ្ឌល សច្ចៈ (SATCHA) ដែលប្រើប្រាស់នូវកម្លាំងពលកម្មរបស់សិប្បករខ្មែរ ដែលមានសិប្បករមានជំនាញខ្ពស់នៅក្នុងការកែច្នៃវត្ថុនានា ដែលមានគ្រប់ទម្រង់នៅក្នុងវប្បធម៌របស់ខ្មែរ មានដូចជា ពីត្បាញ ចំលាក់ ស្មុក ម្រាក់ និងគ្រឿងអលង្កា ដែលជាការច្នៃប្រឌិតថ្មី ប៉ុន្តែឈរលើមូលដ្ឋានរបស់អត្តសញ្ញាណជាតិ ដែលនេះគោលបំណងរបស់ក្រសួង ហើយក៏មិនមែនជាបំណងគោលបំណងរបស់ក្រសួងវប្បធម៌តែមួយប៉ុណ្ណោះទេ ក៏ជាបំណងរបស់ក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារផងដែរ។

លោកស្រីបានបន្តថា ទីតាំងនេះបើកឡើងដើម្បីឆ្លើយតបទៅនឹងអត្តសញ្ញាណរបស់ជាតិនៅលើទីផ្សារ ដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារធ្វើដល់សិប្បកររបស់យើងផងដែរ។

លោកស្រីរដ្ឋមន្ត្រី បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរហូតដល់១,៥លាននាក់ សម្រាប់យុវជន ហើយជំនាញផ្សេងៗដែលទាក់ទង និងការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងការលើកតម្កើងជីវភាពរបស់ប្រជាជន ហើយក្នុងចំណោយ១,៥លាននាក់លោកបានផ្តល់២ទៅ៤ភាគរយ ទៅក្នុងការបណ្តុះបណ្តាលជំនាញពីដូនតា។ ជំនាញដូនតាមានច្រើន ហើយក៏ចង់ផ្ទេរនូវចំណេះដឹងមានពីដូនតាមក កុំឲ្យបាត់បង់ ព្រោះនៅក្នុងបរិបទបច្ចុប្បន្ននេះ ជួនកាលក្មេងៗជំនាន់ក្រោយមិនសូវមានការយល់ដឹង ហើយការផ្ទេរនូវជំនាញមានភាពលំបាក និងការមិនយល់នូវអ្វីជាតម្លៃរបស់ខ្លួនផង។

លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះផ្នែកសហគ្រាសធនតូច មធ្យម និងសិប្បកម្ម។ នេះជាការបណ្តុះបណ្តាលយុវជនខ្មែរអំពីការច្នៃប្រឌិតផលិតផល សិប្បកម្ម និងសិល្បៈប៉ុណ្ណោះទេ ហើយក៏បង្កើតនូវធនធានដ៏សំខាន់សម្រាប់បន្តវេនទៅពេលខាងមុខ និងជាថ្នាលបណ្តុះបណ្តាលមួយ ដែលថែរក្សាជំនាញដូនតា ដើម្បីឲ្យផលិតផលរបស់យើងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។

លោកបន្តថា ទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលសច្ចៈ (SATCHA) គឺជាការក៏សាងឡើងដោយបរទេសដែលមានឆន្ទៈ និងបេះដូង ស្រឡាញ់កម្ពុជា គាំទ្រកម្ពុជា ហើយជួយដល់ពលរដ្ឋកម្ពុជាផងដែរ។

លោក PierreAndre អគ្គនាយកក្រុមហ៊ុន ប៊ីយ៉ន រីថេល ប៊ីហ្សនេស កម្ពុជា (សច្ចៈ) បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញដោយទេពកោសល្យ និងជំនាញ វិជ្ជាជីវៈជាច្រើន ហើយគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិប្បកម្មកម្ពុជានៅទីនេះ។ នៅក្នុងនោះដែរ គោលបំណងតែមួយ គឺដើម្បីផ្សព្វផ្សាយ គាំទ្រ នូវស្នាដៃសិប្បកម្ម ហត្ថកម្ម របស់ខ្មែរទៅភ្ញៀវជាតិ និងអន្តរជាតិ មិនតែប៉ុណ្ណោះគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលសច្ចៈ ក្រុមការងារមានឆន្ទៈបង្កើតមិនមែនតែខេត្តសៀមរាបនោះទេ ក្រុមការងារនឹងបង្កើតរោងជាងដូចនៅទីនេះ តាមបណ្តារខេត្តផ្សេងៗទៀត ដែលស្របទៅតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា គួរតែបញ្ជ្រាបនូវចំណេះដឹងដ៏ទាក់ទាញដែលហៅថា ជំនាញដូនតា ចូលដល់ចូលដល់ជំនាញវិជ្ជាជីវៈដល់ប្រជាជន និងក្មេងជំនាន់ក្រោយ។

ជាមួយនេះដែរ លោកស្រី Anne Laure ស្ថាបនិកមជ្ឈមណ្ឌលសច្ចៈ បានលើកឡើងដែរថា លោកស្រីក៏មានសេចក្តីស្រមៃយ៉ាងសម្ងាត់មួយ គឺមានបំណងចង់បង្កើតនូវគំរូអាជីវកម្ម បែបសិប្បកម្មថ្មី ប្រកបដោយចីរភាព និងនិរន្តរភាព និងសមស្របទៅនឹងតម្រូវការ បំណងប្រាថ្នាសិប្បករក្នុងស្រុកនាពេលបច្ចុប្បន្ន ជាមួយនឹងការច្នៃប្រឌិតតាមបែបវិទ្យាសាស្រ្តថ្មី ការយកប្រពៃណីចំណេះដឹងទំនៀមទម្លាប់ បូករួមជាមួយនឹងការរចនាម៉ូដតាមបែបសហម័យ ដើម្បីបង្កើតជាផលិតផលមួយ ដែលមានភាពខុសប្លែកជារបស់ដើម និងជាស្នដៃរបស់ប្រជាជនខ្មែរ ដែលជាសិប្បករខ្មែរយ៉ាងពិតប្រាកដ ហើយជាផលិតផលដែលមានគុណភាពខ្ពស់ ហើយក៏ជាការផ្សព្វផ្សាយទេពកោសល្យ និងចំណេះដឹងរបស់សិប្បករខ្មែរ ទៅកាន់មនុស្សជំនាន់ក្រោយ។ នេះជាក្តីស្រមៃរបស់ក្រុមការងារ៕