(ប៊ែរឡាំង)៖ ស្ថានទូតកម្ពុជានៅអាល្លឺម៉ង់បានផ្ដល់ការគាំទ្រក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ក្នុងប្រទេសចំនួន៧ រួមមាន អាល្លឺម៉ង់ សាធារណរដ្ឋឆែក ប៉ូឡូញ អូទ្រីស ហុងគ្រី រ៉ូមានី អ៊ុយក្រែនជាដើម ខណៈសម្ភារផ្សព្វផ្សាយនោះគឺត្រូវបានរៀបចំ និងប្រគល់ដោយក្រសួងទេសចរណ៍កម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាចុងសប្ដាហ៍នេះ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជាបាននាំយកសម្ភារផ្សព្វផ្សាយទេសចរណ៍ចំនួន២០០ឈុត ជូនដល់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងប៊ែរឡាំង ព្រមទាំងបានរៀបចំសម្ភារផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថលមួយចំនួនទៀតសម្រាប់ប្រើប្រាស់តាមតម្រូវការ ក្នុងគោលបំណងផ្សព្វផ្សាយ៖ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE, កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនា «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង»។

លោក ថោង រដ្ឋសក្តិ បានបន្ថែមទៀតថា ក្រសួងទេសចរណ៍កម្ពុជាក៏បានអនុញ្ញាតឱ្យស្ថានទូតកម្ពុជានៅអាល្លឺម៉ង់មានសិទ្ធិក្នុងការរកដៃគូឯកជន ដើម្បីបោះពុម្ភនូវខិតបណ្ណផ្សព្វផ្សាយថ្មីៗបន្ត យកទៅផ្សព្វផ្សាយនៅតាមទីផ្សារទេសចរណ៍នានានៅក្នុងប្រទេសអាល្លឺម៉ង់ ពិសេសនៅទីក្រុងប៊ែរឡាំងជាដើម និងក្រៅពីនោះក៏មានប្រទេសចំនួន៦ទៀតដែលធ្វើការតាមរយៈស្ថានទូតកម្ពុជាប្រចាំអាល្លឺម៉ង់ ក្នុងនោះមានដូចជាសាធារណរដ្ឋឆែក ប៉ូឡូញ អូទ្រីស ហុងគ្រី រ៉ូមានី អ៊ុយក្រែនជាដើម។

លោកអគ្គនាយកបានបន្តថា កន្លងមក ក្រសួងទេសចរណ៍បានរៀបចំសម្ភារផ្សព្វផ្សាយទេសចរណ៍ថ្មីៗជា៥ភាសា រួមមាន ភាសាខ្មែរ បារាំង អង់គ្លេស អេស្ប៉ាញ ចិនជាដើម ដោយផ្ដោតលើការផ្សព្វផ្សាយ៖ ឆ្នាំទស្សនាកម្ពុជា ២០២៣, ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា, គោលដៅទេសចរណ៍ថ្មីៗ ព្រមទាំងការទស្សនាសៀមរាបក្រៅពីអង្គរជាដើម។ ក្រៅពីនេះ ក្រសួងទេសចរណ៍ក៏បានធ្វើប្រតិភូកម្មផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងព្រឹត្តិការណ៍សំខាន់ៗតាមរយៈប្រព័ន្ធឌីជីថលយ៉ាងច្រើនផងដែរ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី ផែន សាវនី ក៏បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍នៅអឺរ៉ុបនេះយ៉ាងពេញចិត្ត។

គួរជម្រាបថា ការផ្ដល់នូវកិច្ចសហប្រតិបត្តិការខាងលើនេះធ្វើឡើងនាឱកាសដែលប្រតិភូក្រសួងទេសចរណ៍កម្ពុជាទៅចូលរួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2023 រួមជាមួយក្រុមហ៊ុនឯកជនចំនួន១១ រួមមានទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ដែលជាលើកដំបូងបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩៕