(កំពត)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញឲ្យស្ត្រីប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ដើរឲ្យទាន់សម័យឌីជីថល ដើម្បីទទួលបានឱកាសចូលរួមអភិវឌ្ឍន៍ និងដឹកនាំប្រទេស។

ការជំរុញបែបនេះ ធ្វើឡើងខណៈលោកស្រី មាន សំអានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅសាលសន្និសិទសាលាខេត្តកំពត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដោយចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងភរិយា, លោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរយនាក់។

ទន្ទឹមនោះ លោកស្រី មាន សំអាន បានបន្តលើកឡើងថា បច្ចុប្បន្នពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងខិតខំកសាងសង្គមឌីជីថលឲ្យបានឆាប់រហ័ស ពិសេសការកសាងធនធានពលរដ្ឋឌីជីថល ដូច្នេះហើយស្ត្រីក៏ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពដើរឲ្យទាន់សម័យឌីជីថលដែរ។ នារីមានតួនាទីសំខាន់នៅក្នុងកិច្ចការស្វែងរកនូវសន្តិភាពជូនប្រទេសជាតិ និងក្នុងគ្រួសារ ពិសេសជួយស្តារសេដ្ឋកិច្ច។

ដូច្នេះហើយទើបសម្តេចតេជោ ជានិច្ចជាកាលបានផ្ដល់ការគាំទ្រលើកទឹកចិត្ត ការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្តោតយ៉ាងជាក់លាក់ ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួងស្ថាប័ន កំពុងអនុវត្តដើម្បីប្រជាពលរដ្ឋកម្ពុជា។

លោក ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា ស្ត្រីនៅក្នុងខេត្តកំពត បានរួមចំណែកសំខាន់ក្នុងការការពារសន្តិភាព និងរក្សាបាននូវគោលនយោបាភូមិឃុំមានសុវត្ថិភាពល្អប្រសើរ។

ប្រធានមន្ទីរកិច្ចការនារីខេត្តកំពត លោកស្រី ហួត រី បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់លើការបង្កើនចំនួនស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយ ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ជាពិសេសថ្នាក់ដឹកនាំខេត្ត ធ្វើឲ្យចំនួនស្ត្រីមានការកើនឡើងជាលំដាប់ក្នុងវិស័យសាធារណៈ និងនយោបាយ ជាក់ស្តែងខេត្តកំពត មានចំនួនស្ត្រី ១,៦៨៧រូប ស្មើនឹង៣១,៥២ភាគរយ បើធៀបនឹងចំនួនសរុប៥,៣៥១រូប៕