Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក៖ យុវវ័យម៉ូស្លីមពីររូប ត្រូវបានគេវាយតប់យ៉ាងដំណំ នៅមុខវិហារអ៊ីស្លាមក្នុងទីក្រុងញូយ៉ក សង្ស័យរឿងប្រកាន់ពូជសាសន៍

05-07-2016 11:57

(ញូយ៉ក)៖ យុវវ័យម៉ូស្លីមពីររូប ដែលមានអាយុទើបតែ ១៦ឆ្នាំប៉ុណ្ណោះ ត្រូវបានជនមិនស្គាល់មុខវាយតប់បណ្តាល ឲ្យរងរបួសយ៉ាងដំណំនៅមុខព្រះវិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុងញូយ៉ក ខណៈដែលមេដឹកនាំសហគមន៍ម៉ូស្លីម នៅអាមេរិក បានអំពាវនាវឲ្យប៉ូលិសធ្វើការស៊ើបអង្កេតជាបន្ទាន់ ពីព្រោះវាគឺជាករណីរើ់សអើងពូជសាសន៍ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦។

វាមិនមែនជាការប្រើប្រាស់អំពើហិង្សាលើកទីមួយនោះទេនៅដើមខែកក្កដា នេះ ដោយកាលពីចុងសប្តាហ៍មុនមានការ វាយប្រហារលើជនជាតិម៉ូស្លីមនៅក្នុងសហរដ្ឋអាមេរិក ពីរទៅបីករណីផងដែរ ដែលអំពើទាំងនោះត្រូវបានសហគមន៍ ម៉ូស្លីម ចោទប្រកាន់ថាជាការរើសអើង ពូជសាសន៍ ឬសាសនាយ៉ាងពិតប្រាកដ។ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាន រាយការណ៍ថា បុរសម្នាក់បាន ដាល់ ទាត់ និង ធាក់ យុវជនម្នាក់ទៀតដែលគេស្គាល់ថាជាជនជាតិម៉ូស្លីម បណ្តាលឲ្យរូបគេដេកដួលនៅលើថ្នល់ ក្បែរវិហារអ៊ីស្លាមខាងលើនេះតែម្តង។

បុរសជាជនសង្ស័យដែលបានវាយប្រហារជនម៉ូស្លីមខាងលើនេះ ត្រូវបានសាក្សីអះអាងថា បានស្រែកជេរយុវវ័យម៉ូស្លីម ជាជនរងគ្រោះថា «អ្នកឯងជាពួកម៉ូស្លីម ដែលជាមូលហេតុបង្កឲ្យមានបញ្ហាគ្រប់យ៉ាងនៅលើសកលលោក យើងនេះ។ ពួកអ្នកឯងនេះហើយ គឺជាពួកភេរវករ»។ បច្ចុប្បន្នក្មេងប្រុសទាំងពីររូបខាងលើនេះ បាននិងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ដោយមានអការៈរបួសពាសពេញរាងកាយ ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្កេតរកជនដៃដល់ ដែលនឹងឃើញក្នុងពេលឆាប់ៗនេះ៕