(ហ្សាការតា)៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅក្បែរស្ថានីយ៍ប៉ូលិសក្នុងស្រុក Solo នៃខេត្តជ្វា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារ នេះបណ្តាលឲ្យជនបង្កខ្លួនឯងបាត់បង់ជីវិត និង មន្ត្រីប៉ូលិសម្នាក់ ទៀតរងរបួសជាទម្ងន់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦។
មេបញ្ជាការប៉ូលិសស្រុកលោក Condro Kirono បានថ្លែងថា ការបំផ្ទុះអត្តឃាតបានកើតនៅក្បែរច្រកចូលប៉ុស្តិ៍ប៉ូលិស ស្រុក កាលពីវេលាម៉ោង ០៧៖៣៦នាទីព្រឹកម៉ោងនៅទីក្រុងហ្សាការតា។ តាមសាក្សី ដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែកបានឲ្យដឹងថា ជនសង្ស័យថាបានជិះម៉ូតូបម្រុងចូលទៅក្នុងស្ថានីយ៍ប៉ូលិស ប៉ុន្តែប៉ូលិសយាមច្រកបាន ឃាត់ហើយជនរូបនោះក៏ទម្លាក់គ្រាប់បែក បណ្តាលឲ្យផ្ទុះនៅហ្នឹងកន្លែងតែម្តង។
រហូតមកដល់ពេលនេះ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតរកប្រភពនៃជនដៃដល់ ដែលបានបង្ករឿងនេះឡើង ខណៈដែលសន្តិសុខក្នុងតំបន់ត្រូវបានរឹតបន្តឹងជាងមុន៕