(ភ្នំពេញ)៖ ជាធម្មតានៅពេលដែលមានព្រឹត្តិការណ៍មួយកើតឡើង វាអាចធ្វើឲ្យខ្លឹមសារព័ត៌មានជាច្រើនប្រហាក់ប្រហែលគ្នា។ ប៉ុន្តែអ្នកដែលមានជំនាញច្បាស់លាស់លើផ្នែកព័ត៌មាន នឹងអាចស្វែងរកមុំណាមួយ ដែលមានភាពទាក់ទាញជាងគេ ដែលនេះគឺជាកត្តាសំខាន់មួយដែលចាំបាញ់ឲ្យសិក្សាជំនាញសារព័ត៌មាន មុនចាប់ផ្ដើមអាជីពនេះ។

នេះគឺជាការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធិ ដែលបានថ្លែងទៅកាន់សិក្ខាកាម ដែលសិក្សាអំពី «រៀបចាប់មុំសរសេរព៏ត៌មានក្ដៅ និងរៀបសរសេរ Lead ឲ្យទាក់ទាញ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ។

នៅក្នុងម៉ោងសិក្សានោះ លោក ម៉ារ យ៉ារិទ្ធិ បានឲ្យឧទាហរណ៍ទៅលើព័ត៌មានដែលកំពុងកើតឡើងនៅកម្ពុជា ដើម្បីឲ្យសិស្សបានស្វែងរកមុំសរសេរដោយខ្លួនឯង។ បន្ទាប់មកលោកក៏បង្ហាញពីមុំជាច្រើនដែលមាននៅក្នុងអត្ថបទព័ត៌មានតែមួយ ហើយពន្យល់អំពីភាពទាក់ទាញ និងធ្វើឲ្យត្រូវកាលៈទេសៈ។

លោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងថា៖ «ការសរសេរព័ត៌មានល្អវាជារឿងចាំបាញ់ ប៉ុន្តែការចេះចាប់មុំឲ្យកាន់តែទាក់ទាញនោះ គឺកាន់តែសំខាន់ទៅទៀត វាប្រៀបដូចជាមនុស្សស្រីមួយរូបដែលចេះរៀបចំតុបតែងខ្លួនឲ្យស្រស់ស្អាត ទាក់ទាញអីចឹង ព្រោះនៅពេលធ្វើឲ្យអ្នកទាក់ចិត្តអ្នកមើលហើយនោះ ទើបគេចូលទៅសិក្សាបន្ថែមអំពីលក្ខណៈ និងអត្តចរឹត។ ចំណែកឯព័ត៌មានវិញ ប្រសិនជាចំណងជើង និង Lead មិនមានភាពទាក់ទាញទេ នោះគេក៏មិនចូលអាននូវខ្លឹមសារខាងក្នុងដែរ»

សូមបញ្ជាក់ថាបច្ចុប្បន្ន មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បាននិងកំពុងបង្រៀនជំនាញសរសេរព័ត៌មាន និងថតរូបក្នុងវិជ្ជាជីវៈអ្នកព័ត៌មាន ខណៈដែលជំនាញសរសេរព័ត៌មានយើងបានបង្រៀនចំនួន៤ជំនាន់ហើយ ឯជំនាញថតរូបក្នុងវិជ្ជាជីវៈអ្នកព័ត៌មាន យើងទើបតែបញ្ចប់វគ្គ១ ដោយជោគជ័យ និងកំពុងចុះឈ្មោះទទួលវគ្គថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ខាងមុខ៕