(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Inje Joint Venture ដែលជាទីប្រឹក្សាអនុវត្តគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងដោយបានទទួលគោលការណ៍អនុញ្ញាត ពីទីស្តីការគណៈរដ្ឋមន្រ្តី លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ។

ដំណើរទស្សនៈនេះ ដើម្បីស្វែងយល់បន្ថែមពីរចនាសម្ព័ន្ធ ការងារគ្រប់គ្រងដឹកនាំ ការផ្តល់សេវា និងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមន្ទីរពេទ្យសាកលវិទ្យាល័យល្បីៗមួយចំនួននៅសាធារណរដ្ឋកូរ៉េ ដូចជា មន្ទីរពេទ្យសាកលវិទ្យាល័យ Inje មន្ទីរពេទ្យសាកលវិទ្យាល័យ EWHA Woman University Seoul Hospital មន្ទីរពេទ្យសាកលវិទ្យាល័យ Severance និងមជ្ឈមណ្ឌលមហារីកជាតិនៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលដ៏មានសក្តានុពល និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។

នៅតាមមន្ទីរពេទ្យនីមួយៗ លោកស្រីរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូបានកត់សម្គាល់ឃើញថា មន្ទីរពេទ្យទាំងនោះសុទ្ធតែបានបំពាក់នូវសម្ភារៈបរិក្ខារវេជ្ជសាស្រ្តទំនើប និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសប្រព័ន្ធព័ត៌មានវិទ្យា (ICT) គ្រូពេទ្យមានជំនាញ និងបានទទួលការបណ្តុះបណ្តាលច្បាស់លាស់។

គណៈប្រតិភូក៏បានស្វែងយល់ផងដែរអំពីប្រព័ន្ធថែទាំសុខភាពសង្គម ដែលជាយន្តការជួយដល់ប្រជាជនកូរ៉េម្នាក់ៗអាចទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃ ឬបង់ថ្លៃបន្តិចបន្តួច។

ក្នុងឳកាសនោះលោកស្រីរដ្ឋលេខាធិការប្រចាំការ បានចែករំលែកបទពិសោធន៍ការងារដឹកនាំ គ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ដែលអាចឱ្យកម្ពុជាបើកដំណើរការទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គណៈប្រតិភូបានទទួលនូវបទពិសោធន៍ល្អថ្មីៗថែមទៀត សម្រាប់យកទៅអនុវត្តគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឱ្យបានសមស្របឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើសុំក្រុមហ៊ុនជាទីប្រឹក្សាអនុវត្តគម្រោងជំរុញពន្លឿនការអនុវត្តគម្រោងឱ្យបានកាន់តែរហ័ស។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យ Inje ដែលបាននិងកំពង់បណ្តុះបណ្តាលបន្ថែមដល់គ្រូពេទ្យកម្ពុជាចំនួន៧នាក់ ដែលឧបត្ថម្ភថវិកាដោយអង្គការ KOFIH និងមន្ទីរពេទ្យ Severance ដែលបានផ្តល់អាហារូបករណ៍ដល់គ្រូពេទ្យកម្ពុជាចំនួន ៤នាក់ សិក្សាឯកទេសរយៈពេល ១ឆ្នាំ ។

លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានឧបត្ថម្ភថវិកាបន្តិចបន្តួចជាការលើកទឹកចិត្តដល់និស្សិតកម្ពុជាទាំង១១នាក់៕