(កណ្តាល)៖ លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស លោក ឈុំ វាសនា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមជាមួយនឹងអាជ្ញាធរស្រុកខ្សាច់កណ្តាល សប្បុរសជន ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឆ្លងសាលាដំណាក់សង្ឃ និងសមិទ្ធផលនានា នៅក្នុងវត្តត្បូងដំរី ឃុំត្បូងដំរី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យពុទ្ធចក្រនៅកម្ពុជា។

សមិទ្ធផលនេះ គឺជាគំនិតផ្តួចផ្តើមដោយឧបាសក មុំ ឯម និងឧបាសិកា នេត ថត ព្រមទាំងបុត្រា បុត្រី ចៅៗ បានមូលមតិគ្នាកសាងសាលាដំណាក់សង្ឃនេះឡើងដើម្បីតម្កល់ក្នុងវិស័យព្រះពុទ្ធសាសនា និងបានជាប្រយោជន៍សម្រាប់ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តត្បូងដំរី អាចប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗ ​និងបានចូលរួមចំណែកកែលម្អបរិវេណវត្តអារាមឱ្យមានបរិស្ថានស្អាតជាដើម។

ឧបាសក មុំ ឯម និងឧបាសិកា នេត ថត កាយវិការបស់ឧបាសក មុំ ឯម និងឧបាសិកា នេត ថត នឹងបានក្លាយទៅជាការដាស់តឿន និងបណ្តុះស្មារតី ព្រមទាំងគំនិតល្អៗជាប្រទីបដល់កូនចៅ ជំនាន់ក្រោយឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ និងចេះតបស្នងសងគុណ ចំពោះមាតា បិតា គ្រូបាអាចារ្យ អាណាព្យាបាល អ្នកមានគុណជាដើម។

នាឱកាសនោះដែរ លោក ផន ឌឿន ត្រូវជាកូនរបស់ឧបាសក មុំ ឯម និងឧបាសិកា នេត ថត បានថ្លែងថា ការកសាងសាលាដំណាក់សង្ឃនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់លោកឪពុក និងអ្នកម្តាយ ដោយបានចំណាយថវិកាផ្ទាល់ខ្លួន ព្រោះលោកឪពុក និងអ្នកម្តាយបានយល់ឃើញថា កាលជំនាន់លោកឪពុក អ្នកម្តាយគាត់ក៏ធ្លាប់កសាងសាលាដំណាក់សង្ឃនេះរួចម្តងហើយ ប៉ុន្តែ ដោយសារតែអាយុកាលច្រើនសាលាដំណាក់នេះ ប៉ុន្តែ ត្រូវទ្រោឌទ្រោមទៅតាមកាលវេលាជាដើម។

លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានលើកឡើងថា ផ្តើមចេញពីការយកចិត្តទុកដាក់របសរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទៅលើកិច្ចការសាសនា ពិសេសព្រះពុទ្ធសាសនា បានរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ រីឯវត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ទូទាំងប្រទេស ក្រោយថ្ងៃរំដោះ ៧ មករា ឱ្យចេញផុតពីរបស់ខ្មែរក្រហម។

លោកអភិបាលរងស្រុក បានបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលស្រុកបាននឹងកំពុងជំរុញលើកទឹកចិត្តឱ្យរៀបចំវត្តអារាមនៅទូទាំងស្រុក ក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដោយមានការគ្រប់គ្រងល្អ មានបរិស្ថានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនា សិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិ និងភាពរីកចម្រើនក្នុងសង្គមតាមរយៈព្រះពុទ្ធសាសនា។

បន្ថែមពីនេះលោក អែតដា ដូរ៉ាមី បានបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ សាសនាដទៃទៀតក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺរដ្ឋបាលស្រុកបានបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខដុមណីកម្មវិស័យសាសនា បង្កលក្ខណៈប្រជាជនមានសេរីភាពពេញលេញខាងជំនឿសាសនា ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ។

ក្នុងនាមលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល, លោកសូមថ្លែងអំណរគុណដល់លោក-លោកស្រី សប្បុរសជន និងភ្ញៀវកិត្តិយសដែលមានទឹកចិត្តជ្រះថ្លាក្នុងការរួមចំណែកកសាងសាលាដំណាក់សង្ឃសមិទ្ធផលនានានៅទីនេះ និងជួយឧបត្ថមជាសម្ភារៈសិក្សាព្រមទាំងថវិកាមួយចំនួនផងដែរ ហើយសង្ឃឹមថានឹងបន្តសកម្មភាពសប្បុរសធម៌នេះ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានថ្លែងថា កត្តាសុខសន្តិភាព បាននាំឱ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរទាំងអាណាចក្រ និងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់ សប្បាយរីករាយ និងប្រាថ្នាចង់បានគ្រប់ៗគ្នា។

ឧត្តមសេនីយ៍ទោ សុខ ប៉ាង លោកបានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ជូនកូនៗ ទៅសាលារៀនដើម្បីបានសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា ព្រោះមានតែចំណេះដឹងទេដែលអាចប្រែក្លាយវាសនា អនាគតឱ្យល្អប្រសើរបាន។

ពិធីនេះក៏មានការប្រគេនបច្ច័យ ទេយ្យទាន អំណោយ ថវិកា ព្រមទាំងសម្ភារសិក្សាដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិក្សានុសិស្សចំនួន ៩២០អង្គ/នាក់ រួមមាន៖ ព្រះសង្ឃ ១១ព្រះអង្គ, តាជី យាយជីចំនួន១៥នាក់, លោកគ្រូ អ្នកគ្រូ ចំនួន៣២នាក់, ប្រជាពលរដ្ឋ ៥០គ្រួសារ ព្រមទាំងសិស្សានុសិស្ស មកពីសាលាបឋមសិក្សាទួលព្រះធាតុ ២៣៨នាក់, សាលាបឋមសិក្សាត្បូងដំរី ៣២០នាក់, អនុវិទ្យាល័យត្បូងដំរី ១៧០នាក់, វិទ្យាល័យបាក់ដាវ ៥០នាក់ ព្រមទាំងជូនសៀវភៅដល់វិទ្យាល័យបាក់ដាវ ២០០ក្បាល និងប៊ិក ២០០ដើមដងដែរ៕