(ភ្នំពេញ)៖ អង្គការមូលនិធិសម្រាប់ដំណើរកំសាន្តតាមបែបអប់រំ (កម្ពុជា) ( LJ Cambodia Foundation) ជាអង្គការមិនមែនរដ្ឋាភិបាល ដែលមិនស្វែងរកប្រាក់កម្រៃ ហើយរាល់ប្រភពមូលនិធិទាំងអស់របស់អង្គការ គឺពឹងផ្អែកទាំងស្រុងទៅលើជំនួយពី សប្បុរសធម៌ពីក្រៅប្រទេស ដែលក្នុងនោះផ្តោតទៅលើគម្រោងអភិវឌ្ឍសហគមន៍ប្រចាំឆ្នាំ។

តំណាងអង្គការមូលនិធិខាងលើ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះថា ក្នុងឆ្នាំ២០២១-២០២២ អង្គការបានទទួលអនុវត្តន៍គម្រោងពី Rotary Club International ហើយនិង Rotary Club of Marina City (Singapore) ក៏ដូចជា Rotary Club Phnom Penh Chatomuk (Host Partner) ដែលជាអ្នកជួយទំនុកបម្រុង ហើយនឹងជួយទទួលជំនួយក្នុងការអនុវត្តន៍គម្រោង ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ Chicken Rearing & Livelihood Project ដែលមានទំហំទឹកប្រាក់ប្រមាណជា ៤០,៤០០ដុល្លារ ដល់អង្គការមូលនិធិសម្រាប់ដំណើរកំសាន្តតាមបែបអប់រំ (កម្ពុជា) ដើម្បីជួយកសិករចំនួន១៥០គ្រួសារ ដែលស្ថិត នៅក្នុង ឃុំយាង ស្រុកពួក ខេត្ត សៀមរាប។

តាមរយៈគម្រោងចិញ្ចឹមមាន់នេះផងដែរ កសិករទាំង ១៥០គ្រួសារ បានទទួលអត្ថប្រយោជន៍ជាច្រើន ដែលមានដូចជា៖
*បានរៀនវគ្គបច្ចេកទេសចិញ្ចឹមមាន់
*បានទទួលកូនមាន់ចំនួន៧០ក្បាល ពីគម្រោងរបស់អង្គការ
*បានទទួលសម្ភារៈមួយចំនួន ដូចជាទ្រុងដាក់កូនមាន់ ប៉ោល ដាក់ទឹកមាន់ ស្នូកដាក់ចំណីមាន់ ចំណីកូនមាន់ ថ្នាំការពារជំងឺផ្សេងៗ និងសម្ភារៈផ្សេងៗទៀតជាច្រើន ដែលបានផ្តល់អោយកសិករទាំងអស់......។

ក្រៅពីសម្ភារៈដូចដែលបានរៀបរាប់ខាងលើមូលនិធិនេះ ក៏បានបង្រៀនវគ្គពេទ្យសាត្វភូមិ ដែលបានធ្វើឲ្យកសិករបានយល់ដឹងពីការប្រើប្រាស់ថ្នាំ ការវិភាគទៅលើជំងឺមាន់ និងការព្យាបាលមាន់ដែលមានជំងឺ យ៉ាងមានប្រសិទ្ធភាព។

តាមគម្រោងខាងលើដែលបានអនុវត្តន៍កន្លងមក អង្គការមូលនិធិនេះបានឱ្យដឹងថា កសិករបានយល់ដឹងច្រើនទាក់ទងនឹងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ហើយពួកគាត់ទាំងអស់ពិតជាបានទទួលអត្ថប្រយោជន៍ពីការចិញ្ចឹមមាន់នេះពិតប្រាកដមែន គឺតាមរយៈការលក់មួយផ្នែក ដើម្បីប្រាក់ចំណេញហើយបានទុកធ្វើជាពូជ និងមួយផ្នែកទៀតគឺបានទុកធ្វើជាម្ហូបអាហារសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។

តាមរយៈគម្រោងចិញ្ចឹមមាន់ដែល អង្គការមូលនិធិសម្រាប់ដំណើរកំសាន្តតាមបែប អប់រំ (កម្ពុជា) បានអនុវត្តន៍កន្លងមកបានឃើញថាកសិករបានជ្រើសរើសទុកពូជ ដែលក្នុងមួយគ្រួសារបានទុកមេមាន់ ប្រមាណជា ៨ ទៅ ១០ក្បាល ដែលពួកគាត់ អាចមានលទ្ធភាពទទួលបាន កូនមាន់ប្រមាណជា ៨០កូនមាន់ ទៅ១០០កូនមាន់។ តាមរយៈការវាយតម្លៃ អាចសន្និដ្ឋានបានថាកសិករនិយមួយៗ អាចរកប្រាក់ចំណូលបានប្រមាណជា ៥០ដុល្លារ ទៅ ៦៥ដុល្លារ ក្នុងមួយខែ៕