(កណ្ដាល)៖ លោក ចាប ចន្ទ័វិទ្យា អភិបាលស្រុកលើកដែក បានដឹកនាំក្រុមការងារបើកការដ្ឋានធ្វើផ្លូវក្រាលខ្សាច់ភ្នំប្រវែង៤,៥០០ម៉ែត្រ ស្ថិតនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក។ សមាសភាពចូលរួមមាន លោកអភិបាលរងស្រុក មន្ត្រីការិយាល័យសេដ្ឋកិច្ចអភិវឌ្ឍន៍សហគមន៍ ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាឃុំ មេភូមិទាំងបីក្នុងឃុំ ក្រុមការងារយុវជន សសយកឃុំ និងបងប្អូនប្រជាពលរដ្ឋ សរុប១២៥នាក់។

លោក ចាប ច័ន្ទវិទ្យា បានថ្លែងមកកាន់អ្នកយកព័ត៍មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា នេះជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ខណ:ដែលផ្លូវត្រូវបានស្នើរសុំពីពលរដ្ឋក្នុងការស្ថាបនា ក្រាលខ្សាច់ភ្នំ ដើម្បីងាយស្រួលធ្វើដំណើរ។

ក្នុងនាមជាអភិបាលស្រុក លោកបានខ្នះខ្នែងធ្វើយ៉ាងណាឆ្លើយតបទៅកាន់ពលរដ្ឋ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់ ពោលការដ្ឋានស្ថាបនានេះជាការឆ្លើយតបជាវិជ្ជមានសម្រាប់ពលរដ្ឋដែលកំពុងត្រូវការផ្លូវស្អាតសម្រាប់ប្រើប្រាស់។

លោកបន្តថា «ប្រទេសជាតិមានសុខសន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ទើបយើងមានឱកាសក្នុងការអភិវឌ្ឍន៍ ដោយកត់សំគាល់មើលឃើញថា ប្រទេសជាតិយើងមានការលូតលាស់លឿនណាស់ សេដ្ឋកិច្ចមានការរីកចំរើន ពលរដ្ឋមានជីវភាពធូរធារឡើង»

លោកថា ស្រុកបានអនុវត្តន៍បានល្អចំពោះសេវាសាធារណ: និងមន្ត្រីបានកែប្រែឥរិយាបថកាន់តែល្អប្រសើរឡើងៗ ក្នុងនាមជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ។ សម្រាប់ឃុំខ្ពបអាទាវនេះទៀតសោត ក៍មានសន្ទុះអភិវឌ្ឍន៍មិនខុសពី មូលដ្ឋានផ្សេងទៀតដែរ ពោលគឺមានការរីកចម្រើនច្រើន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្សារ មានគ្រប់គ្រាន់សម្រាប់បំរើសេចក្ដីត្រូវការរបស់ពលរដ្ឋ»។

លោកបានបន្ថែមថា ប្រមុខរាជរដ្ឋាបាលកម្ពុជា បានស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនាំមកនូវសុខមាលភាពល្អលើសលប់មកដល់់ពលរដ្ឋយើង ពោលគឺយើងទាំងអស់គ្នា បានចាកផុតទុក្ខភ័យនៃជំងឺរាតត្បាតសាហាវនេះ ខណ:ប្រទេសជាតិបានជាប់ចំណាត់ថ្នាក់២ លើសាកលលោកក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ។ ការស្រោចវ៉ាក់សាំងនេះ ជាការជួយសង្រ្គោះពលរដ្ឋយ៉ាងពិតប្រាកដ ពោលមានសម្ដេចតេជោ ប្រៀបបាននឹងមានទេវតាចាំជួយថែរក្សា ការពារ សង្រ្គោះអាយុជីវិតយើងពីទុក្ខភ័យទាំងឡាយ និងប្រទានដល់ពួកយើងរស់រានមានជីវិត សុខស្រួល គ្មានការផិតភ័យអ្វីឡើយ៕