(ស្វាយរៀង)៖ លោក យស់ ពៅ នាយកសាលាវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការរៀន ការបង្រៀន ផលប៉ះពាល់ដោយការសេពគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់។
លោក យស់ ពៅ បានថ្លែងថា និមិត្តរូបនៃអ្នកអប់រំ បង្រៀនឱ្យចេះ ឱ្យដឹងឱ្យយល់ ឱ្យស្គាល់ទាំងអស់នេះ មិនគ្រប់គ្រាន់ទេ ទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ពន្ធ័ ពិសេសមាតា បិតា អាណាព្យាបាល ដើម្បីជាឧត្តមប្រយោជន៍សង្គមជាតិ។
លោក យស់ ពៅ បានជំរុញដល់ប្អូនៗជាសិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំព្យាយាមសាកល្បង ដែលនាំឲ្យខាតបង់ពេលវេលាក្នុងការសិក្សា ខូចអនាគត និងខូចកិត្តិយស ដល់ក្រុមគ្រួសារ របស់យើងផងដែរ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់យ៉ាងខ្លាំងរបស់មនុស្សជាតិ ដែលទាមទារឱ្យមានការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា នោះទើបធានាបានសុវត្ថិភាពអាយុជីវិត។
ជាមួយគ្នានេះ លោកនាយកក៏បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំលះបង់កម្លំាងកាយចិត្ត ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះដឹង ជំនាញ និងសីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមំាក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕