(កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកស្រី រ៉េត ផល្លីដា ជាភរិយា ព្រមទាំងមានការចូលរួមពីស្នងការរងទាំងអស់ និងជាពិសេសស្ត្រីជានគរបាលជាង២០០នាក់ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ។

លោកបន្តថា «ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ពិសេសមិនត្រឹមតែបំពេញការងារស្នូលប៉ុណ្ណោះទេ ការងារលំបាកទៀតនោះទេ គឺការងារផ្ទះទៀតជាពិសេស។ កុំថាការងារផ្ទះនេះស្រួលឲ្យសោះណា គឺលំបាកណាស់ រវីរវល់ វីរវក់ពេញផ្ទះ ណាមួយបាយម្ហូបប្ដីកូន ស្លៀកពាក់កូនៗ ជូនកូនទៅរៀន ការងារផ្ទះសព្វគ្រប់បែបយ៉ាង ដែលនេះជាគួរឲ្យកោតសរសើរបំផុតចំពោះការលះបង់របស់ឧត្តមភរិយាជានគរបាលគ្រប់រូបដែលបានលះបង់ ទាំងក្នុងកិច្ចការងារជាតិ និងការងារផ្ទាល់ខ្លួន»

លោកឧត្តមសេនីយ៍ទោស្នងការ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។
នៅក្នុងឱកាសនោះ លោកស្ន​ងការ បានផ្តល់ជូនបាច់ផ្កាជាអនុស្សាវរីយ៍ដល់កងកម្លាំងនគរបាលនារី និងថវិកាមួយចំនួនផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ ហើយក៏មានគម្រោង សម្របសម្រួលក្នុងការតម្លើងមុខតំណែងដល់ស្ត្រីជានគរបាលដែលមានស្នាដៃ និងមានសមត្ថភាពផងដែរ៕