(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចំរុះ នាយកទីចាត់ការឃោសនា ព័ត៌មានអគ្គបញ្ជាការ និងឧត្តមសេនីយ៍ឯក យ៉ាល់ ពិសិដ្ឋ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបច្ចេកទេសអគ្គបញ្ជាការ បានប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។

ជនក្បត់ជាតិ សម រង្ស៉ី តែងតែមានចរិតអាក្រក់ វាយប្រហាររិះគន់ដល់ ឥស្សរជនខ្មែរគ្រប់រូប ដែលកំពុងដឹកនាំប្រទេសធ្វើឱ្យប្រទេសមានសន្តិភាព មានការរីកចម្រើន ពិភពលោកកោតស្ងប់ស្ងែង ប្រជាជនខ្មែររស់នៅសុខសប្បាយ ហើយបន្តសុខសប្បាយទៅមុខរហូត។ ផ្ទុយទៅវិញ ទណ្ឌិត សម រង្ស៉ី មិនដែលមានស្នាដៃអ្វីសោះ នៅក្នុងប្រវត្តិសាស្ត្រ គិតតាំងពីពូជអំបូររហូតដល់ខ្លួនឯង គឺមានតែចរិតក្បត់ជាតិ ញុះញង់ឱ្យមានការរើសអើង និងហិង្សា ដែលយើងទាំងអស់គ្នា ត្រូវថ្កោលទោសយ៉ាងដាច់ខាត។

យើងខ្ញុំចាត់ទុកថា ទង្វើរបស់ទណ្ឌិត សម រង្ស៉ី ជាទង្វើក្បត់ជាតិ មិនអាចអត់ឱនឱ្យបាន សូមស្នើស្ថាប័នមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត។

យើងខ្ញុំប្តេជ្ញាគាំទ្រការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ យើងខ្ញុំទាំងអស់គ្នាសម្គាល់ឃើញថា សម្តេចពិជ័យសេនា ទៀ បាញ់ ជាសហជីវិនរួមឈាមជាមួយសម្តេចតេជោ ដែលតែងផ្តល់មតិ ប្តូរសាច់ឈាមថ្លើមប្រម៉ាត់ និងគាំទ្រគ្រួសារសម្តេចទៀ បាញ់ ជាវីរគ្រួសារ តស៊ូប្រយុទ្ធដើម្បីសិទ្ធិ ដើម្បីប្រទេសជាតិ និង មានគុណធម៌ដ៏ប្រសើរសំរាប់ប្រទេសជាតិកម្ពុជាផងដែរ៕