(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខ្លោងទ្វាររបងវត្តរួមនិងសមិទ្ធផលនានាស្ថិតក្នុងវត្តពោធិ៍ថ្មី ហៅវត្តបាវិត ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលចំណាយការសាងសង់អស់ប្រមាណជិត ២០ម៉ឺនដុល្លារ។

ព្រះតេជគុណ សេក ផានិត ចៅអធិការវត្តពោធិ៍ថ្មី ហៅវត្តបាវិត បានមានសង្ឃដីកាឲ្យដឹងថា សមិទ្ធផលនានារួមមានក្លោងទ្វារចំនួន៣ របងវត្តរួមនិងស្ដូបតម្កល់ព្រះពុទ្ធរូបដែលបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ គឺបានចាប់ផ្ដើមកសាងចាប់ពីឆ្នាំ២០២០ រហូតមកដល់ចុងឆ្នាំ២០២២ ទើបរួចរាល់ហើយជាស្ថាពរសរុបថវិកាសាងសង់ប្រមាណជិត ២០ម៉ឺនដុល្លារដោយបានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង ប្រទេសនិងក្រៅប្រទេស។

ព្រះចៅអធិការ ក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជននានាទាំងអស់ ដែលបានជួយឧបត្ថម្ភទាំងសម្ភារ និងបច្ច័យដើម្បីកសាងនូវសមិទ្ធផលនានាជាច្រើនដើម្បីទុកជាគរុភណ្ឌរបស់វត្តសម្រាប់ ពុទ្ធបរិស័ទគោរពបូជាទៅថ្ងៃក្រោយតាមបែបកន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរពបូជាប្រតិបត្តិតាំងពីដើមរៀងរហូតមកដល់ពេលបច្ចុប្បន្ន។

លោក លឹម សៀងហេង បានថ្លែងថា សមិទ្ធផលទាំងអស់នេះ កើតចេញពីព្រះគំនិតផ្ដួចផ្ដើមរបស់ព្រះតេជគុណចៅអធិការវត្ត លោកតាអាចារ្យគណ:កម្មាវត្ត ពុទ្ធបរិស័ទជាច្រើននាក់ទៀតដែលបានកៀរគរ សប្បុរសជននានាជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសដើម្បីជួយកសាងឱ្យលេចចេញជាផ្លែផ្កានៅសមិទ្ធផលផ្សេងៗជាច្រើន សម្រាប់តម្កល់ទុកនៅទីវត្តអារាមដើម្បីឲ្យពុទ្ធបរិស័ទបានធ្វើបុណ្យទាន និងរក្សាសីលតាមប្រពៃណីព្រះពុទ្ធសាសនា។

លោកបានបន្តថា «ជាក់ស្តែងនៅថ្ងៃនេះយើងទាំងអស់គ្នា បានធ្វើបុណ្យរួមហើយក៏បានចូលរួមនៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការរួមគឺដើម្បីទុកជាគុណប្រយោជន៍ដល់ពុទ្ធបរិស័ទទាំងអស់គ្នាទៅថ្ងៃក្រោយ»

លោកអភិបាលក្រុង បានមានថ្លែងសង្កត់ធ្ងន់ថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយយើងទាំងអស់គ្នា ត្រូវចូលរួមរក្សាការពារនៅសុខសន្តិភាពដូចសព្វថ្ងៃនេះ ឲ្យបានយូរអង្វែង ហើយយើងទាំងអស់គ្នាត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃខាងមុខ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត»