(កោះកុង)៖ ដើម្បីលើកស្ទួយផ្នែកវិស័យសុខាភិបាលអគារប៉ុស្តិ៍សុខភាពចំនួន២ខ្នង ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង និងនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ការសម្ពោធអគារប៉ុស្តិ៍សុខភាពនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពីលោក ហាក់ ឡេង អភិបាលរងខេត្ត, លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត, លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ព្រមទាំងមន្ត្រីរាជការគ្រប់អង្គភាព ព្រះសង្ឃ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

លោក ហាក់ ឡេង បានឲ្យដឹងថា អគារប៉ុស្តិ៍សុខភាពដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នេះមានទំហំ១៤ម៉ែត្រ គុណ៨.៥ម៉ែត្រ មានបន្ទប់ចំនួន៤ បន្ទប់ទឹកចំនួន៤ បំពាក់ភ្លើងសូឡា របងជុំវិញចំណាយថវិកាសរុបចំនួន ៨៥,៩០០ដុល្លារ។ លោកក៏បានជំរុញក្រុមគ្រូពេទ្យអនុវត្តទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អ ទៅតាមតួនាទីក្នុងការផ្តល់សេវ៉ាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានលើកឡើងថា ប្រទេសមានសន្តិភាព មានស្ថេរភាពមានការអភិវឌ្ឍដោយសារការខិតខំប្រឹងប្រែង គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រទេសជាតិ និងប្រជាជន។ ដូច្នេះប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសន្តិភាពទាំងអស់គ្នា សាមគ្គីគ្នា ដើម្បីរក្សាសន្តិភាព ដូច្នេះសូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា នៅពេលខាងមុខនេះ។

លោកស្រីអភិបាលខេត្ត ក្នុងនាមលោកស្រីជាអាជ្ញាធរដែនដី និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តកោះកុង សូមសម្តែងថ្លែងអំណរគុណដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានចំណាយថវិកាផ្ទាល់ខ្លួនសាងសង់អាគារប៉ុស្តិ៍សុខភាពចំនួន២ខ្នងបន្ថែមទៀត និងបំពាក់សម្ភារៈបរិក្ខាពេទ្យ អណ្តូងទឹក ផ្លូវ និងសម្ភារៈផ្សេងៗ ព្រមទាំងបានផ្តល់អំណោយជូនប្រជាពលរដ្ឋ គ្រឿងបរិភោគ ថវិកាមួយចំនួន៕